តាមអនុក្រឹត្យលេខ១៩៤អនក្រ.បក ស្ដីពី ការកែប្រែនិងដំឡើងប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីដែលសម្រាលកូន និងប្រាក់ឧបត្ថម្ភបុណ្យសពជូនគ្រួសារសពមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាដែលទទួលមរណភាព នឹងត្រូវដំឡើងប្រាក់ឧបត្ថម្ភដូចខាងក្រោមនេះ៖
តាមមាត្រា៤ នៃអនុក្រឹត្យនេះ ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីដែលសម្រាលកូនត្រូវបានដំឡើងពីចំនួន ៦០០ ០០០ (ប្រាំមួយសែន) រៀល ទៅចំនួន ៨០០ ០០០(ប្រាំបីសែន) រៀល សម្រាប់ការសម្រាលកូនមួយ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបង្កើនទ្វេគុណ ឫត្រីគុណ ឫច្រើនជាងនេះជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីតាមចំនួនកូនដែលបានសម្រាល។
ចំណែកមាត្រា៥ ប្រាក់ឧបត្ថម្ភបុណ្យសពជូនគ្រួសារសពមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ធ្វើបុណ្យតាមប្រពៃណី ត្រូវបានដំឡើង ដូចខាងក្រោម៖
ទទួលមរណភាពដោយជម្ងឺធម្មតាត្រូវបានដំឡើងពី ១ ២០០ ០០០ (មួយលានពីរសែន) រៀល ទៅចំនួន ២ ០០០ ០០០ (ពីរលាន) រៀល។
ទទួលមរណភាពក្នុងពេលបំពេញបេសកកម្ម ឫគ្រោះថ្នាក់ការងារត្រូវបានដំឡើងពី ១ ៥០០ ០០០ (មួយលានប្រាំសែន) រៀល ទៅចំនួន ៤ ០០០ ០០០ (បួនលាន) រៀល។
ប្រាក់ឧបត្ថម្ភដែលមានចែងក្នុងមាត្រា៤ និងមាត្រា៥ ខាងលើត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៨តទៅ៕


0 comments