Wednesday, October 7, 2020

Google និង Oracle ឡើងតតាំងគ្នាជាថ្មីនៅតុលាការកំពូលអាមេរិក ពាក់ព័ន្ធវិវាទកម្មសិទ្ធិបញ្ញាជុំវិញការបង្កើតប្រព័ន្ធប្រតិបត្តិការ Android

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និង Oracle កំពុងតាំងគ្នាជាថ្មីម្តងទៀតនៅឯតុលាការកំពូលរបស់សហរដ្ឋអាមេរិក ក្នុងវិវាទយូរឆ្នាំមួយជុំវិញបញ្ហាកម្មសិទ្ធិបញ្ញា ដែលមានតម្លៃរាប់ពាន់លានដុល្លារ ហើយមានសារសំខាន់ជាខ្លាំងចំពោះអនាគតនៃវិស័យអភិវឌ្ឍកម្មវិធី Software។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ ការតតាំងនៅតុលាការនាថ្ងៃពុធនេះរវាង Google និង Oracle គឺទាក់ទងទៅនឹងការបង្កើតប្រតិបត្តិការទូរស័ព្ទ Android OS របស់ Google ដែលបច្ចុប្បន្នប្រើប្រាស់នៅលើស្មាតហ្វូនភាគច្រើនទូទាំងសកលលោក។ បើតាមការអះអាងរបស់ Google ដើម្បីបង្កើតប្រព័ន្ធ Android ដែលចេញតាំងតែពីឆ្នាំ២០០៧មកម្ល៉េះនោះ ខ្លួនបានសរសេរកូដកុំព្យូរទ័រថ្មីរាប់លានបន្ទាត់ ដោយផ្ទាល់ដៃ។ បញ្ហាគឺត្រង់ថា Google បានប្រើប្រាស់កូដកម្មវិធី Java ចំនួន១១,៣៣០បន្ទាត់ របស់ក្រុមហ៊ុនមួយដែលឥឡូវជាផ្នែកនៃក្រុមហ៊ុន Oracle។ Google ធ្លាប់និយាយការពារទង្វើរបស់ខ្លួនជាដដែលៗថា ការធ្វើបែបនោះគឺជារឿងធម្មតាប៉ុណ្ណោះនៅក្នុងវិស័យបច្ចេកវិទ្យា ហើយវាបានបម្រើជាប្រយោជន៍យ៉ាងធំធេង សម្រាប់វឌ្ឍនភាពនៃវិស័យបច្ចេកវិទ្យា។ ប៉ុន្តែ Oracle ចាត់ទុកទង្វើរបស់ Google ជាការលួចចម្លងសុទ្ធសាធ ហើយដាក់ពាក្យប្តឹងផ្តល់ដោយទាមទារសំណងជាង៨ពាន់លានដុល្លារ។ គួរជម្រាបថា សំណុំរឿងខាងលើបានអូសបន្លាយមួយទសវត្សរ៍មកហើយ និងមានការតវ៉ាទៅមកមិនទាន់អាចចប់ដាច់ស្រេចរហូតមកទល់សព្វថ្ងៃ។ សម្រាប់នៅពេលនេះតុលាការកំពូលអាមេរិក ត្រូវសម្រេចថាតើច្បាប់កម្មសិទ្ធិបញ្ញាឆ្នាំ១៩៧៦ ការពារនូវអ្វីដែល Google បានចម្លងដែរឬទេ ហើយប្រសិនបើវាការពារក៏ដោយ តើអ្វីដែល Google បានធ្វើកាលពីរាប់ឆ្នាំមុន បច្ចុប្បន្ននៅតែត្រូវបានអនុញ្ញាតទៀតឬយ៉ាងណា ដែលប្រការនេះអាចនឹងប៉ះពាល់ដល់អនាគតនៃវិស័យអភិវឌ្ឍ Software ជារួមតែម្តង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...