Wednesday, October 7, 2020

ក្រុមប្រទេសអ្នកមាន អាចវិលរកភាពប្រក្រតីវិញនៅឆ្នាំ២០២១ ប្រសិនបើមានវ៉ាក់សាំងកូវីដ-១៩, នេះបើតាមលោក Bill Gates

(អាមេរិក)៖ ស្ថាបនិកក្រុមហ៊ុន Microsoft និងជាកំពូលមហាសេដ្ឋីមួយរូបនៅសហរដ្ឋអាមេរិក គឺលោក បៀល ហ្គេតស៍ (Bill Gates) បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមប្រទេសអ្នកមានទាំងឡាយ អាចនឹងវិលទៅរកសភាពធម្មតាវិញនៅចុងឆ្នាំ ២០២១ ប្រសិនបើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 មានប្រសិទ្ធិភាព និងត្រៀមរួចជាស្រេចដើម្បីធ្វើការចែកចាយទ្រទ្រាយធំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ លោក Bill Gates បានប្រាប់ក្រុមប្រឹក្សានាយករបស់កាសែតអាមេរិក The Wall Street Journal យ៉ាងដូច្នេះថា នៅចុងឆ្នាំ២០២១ អ្វីៗនឹងវិលត្រឡប់មករកសភាពធម្មតាវិញ នោះគឺជាសេណារីយ៉ូដ៏ល្អបំផុត។ យើងនៅមិនទាន់ដឹងទេថា តើវ៉ាក់សាំងទាំងអស់ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ត អាចទទួលជោគជ័យនៅឡើយនោះ។ ឥឡូវនេះការបង្កើនសមត្ថភាពក្នុងការផលិតវ៉ាក់សាំង ត្រូវបានគិតគូរជាចម្បង ហើយនៅពេលផលិតបានសម្រេច យើងត្រូវការពេលសម្រាប់បែងចែកវ៉ាក់សាំង នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាគោលដៅផ្សេងៗទៀត។ នេះបើតាមការសង្កត់ធ្ងន់ពីលោក Gates។ បេក្ខភាពវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer), បាយអូនអិនធិច (BioNTech), អាស្ត្រាហ្សេណេកា (AstraZeneca) និងសាកលវិទ្យាល័យ អក់ស៍ហ្វដ (Oxford) គឺជាបេក្ខភាពវ៉ាក់សាំងឈានមុខ ដែលកំពុងប្រណាំងប្រជែងគ្នាក្នុងការអភិវឌ្ឍ ដើម្បីទទួលបានការយល់ព្រមផ្នែកច្បាប់ នៅក្នុងប្រទេសលោកខាងលិច។ នៅជុំវិញបញ្ហាខាងលើ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 អាចនឹងត្រៀមរួចរាល់នៅចុងឆ្នាំ២០២០នេះ។ គួរជម្រាបថា កាលពីខែមុនមូលនិធិ បៀល និង មេលីនដា ហ្គេតស៍ (Bill & Melinda Gates) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនអភិវឌ្ឍឱសថសរុបចំនួន ១៦ ដោយក្នុងនោះលោក Gates បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនទាំងនោះបានធ្វើការប្តេជ្ញាចិត្តថា នឹងបង្កើនផលិតកម្មក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក ព្រមទាំងធ្វើឲ្យប្រាកដថា វ៉ាក់សាំងនឹងទទួលបានការអនុម័ត និងឈានដល់ការចែកចាយយ៉ាងទូលំទូលាយឲ្យបានឆាប់បំផុត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...