Friday, September 11, 2020

ហេតុនាំឲ្យវិនាសទាំង ១២ប្រការ ដែលជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ក្រើនរំលឹកពុទ្ធបរិស័ទក្នុងរដូវបុណ្យភ្ជុំ

(ភ្នំពេញ)៖ បុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹមតែអប់រំមនុស្សឲ្យចេះធ្វើបុណ្យ និងតបគុណចំពោះអ្នកមានគុណ និងមានធម៌ឧត្តមនោះទេ តែក្នុងឱកាសបុណ្យរយៈពេល ១៥ថ្ងៃនេះ ក៏បានបញ្ជ្រៀបការអប់រំដល់ប្រជាពុទ្ធបរិស័ទបានយល់ដឹងពីហេតុនាំឲ្យវិនាសផងដែរ។ រៀងរាល់ពេលព្រឹកព្រលឹមចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ (ចាប់ផ្តើមពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ) គេតែងបានឮព្រះសង្ឃសូត្រធម៌ ដែលហៅថា បរាភវសូត្រ។ បរាភវសូត្រ គឺជាធម៌របស់សម្មាសម្ពុទ្ធដាស់តឿនដល់ប្រជាពុទ្ធបរិស័ទនូវមូលហេតុ ១២ប្រការនាំដល់ក្តីវិនាសក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ធម៌បង្ហាញក្តីវិនាសទាំង១២ប្រការនេះ ត្រូវបានព្រះសង្ឃជាសាវ័ករបស់សម្មាសម្ពុទ្ធមានសង្ឃដីកាថា ប្រសិនបើប្រជាពុទ្ធបរិស័ទស្តាប់ ហើយពិចារណា នឹងធ្វើឲ្យជីវិតកាន់តែប្រសើរ និងចៀសផុតពីក្តីវិនាសទាំងឡាយ ទទួលបាននូវសេចក្តីសុខ កិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ក្នុងសង្គម…។ ខាងក្រោមជាអត្ថន័យសង្ខេប នៃធម៌បរាវភសូត្រ ក៏ដូចជាហេតុនាំឲ្យក្តីវិនាសទាំង ១២ប្រការ៖ ១. ស្រឡាញ់រាប់អានតែជាមួយមនុស្សពាលអាក្រក់មិនចូលចិត្តរាប់អានជាមួយសប្បុរសជន ឬមនុស្សល្អ។ ២. ការអាស្រ័យជាមួយមនុស្សអធម៌មិនស្គាល់បាបបុណ្យគុណទោស ជាមនុស្សទ្រុសធម៌ ស្អប់ធម៌។ ៣. អ្នកដេកច្រើន អ្នកនិយាយច្រើន អ្នកខ្ជិលច្រអូសមិនខំប្រឹងប្រែង ពេលខឹងក៏សម្តែងឲ្យគេដឹងថាខ្លួនកំពុងខឹង។ ៤. អ្នកមានទ្រព្យសម្បត្តិហើយមិនចិញ្ចឹមម្តាយឪពុកចាស់ជរា។ ៥. អ្នកពោលពាក្យកុហកបោកប្រាស់ចំពោះអ្នកមានសីល អ្នកក្រក្សត់ ឬពួកអ្នកប្រាជ្ញរាជបណ្ឌិតព្រឹទ្ធាចារ្យ។ ៦. អ្នកមានរបស់របរទ្រព្យសម្បត្តិបរិបូរណ៍ហូរហៀហើយលបលួចលាក់ស៊ីចុកធ្វើមានធ្វើបានតែម្នាក់អែង ឬក្រុមគ្រួសារបក្ខពួកខ្លួនឯង។ ៧. អ្នកដែលប្រកាន់ជាតិ វង្សត្រកូល អំបូរពូជពង្សហើយមិនប្រមូលរាប់អានញាតិសន្តាន ព្រៀងលាន អ្នកភូមិផងរបងជាមួយ។ ៨. អ្នកប្រព្រឹត្តល្បែងស្រីស្រាល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើទ្រព្យរបស់ឲ្យវិនាសដោយឥតប្រយោជន៍។ ៩. បុរស ស្ត្រី ដែលមិនពេញចិត្ត មិនគាប់ចិត្ត ភរិយាស្វាមីរបស់ខ្លួន ហើយទៅលបលួចប្រព្រឹត្តកាមគុណជាមួយនិងស្រ្តី បុរសខាងក្រៅ។ ១០. បុរស ស្រ្តី ដែលមានវ័យចាស់ហួសពេកទៅហើយទៅមានទំនាក់ទំនងស្នេហាផ្លូវកាមគុណជាមួយបុរសស្រ្តី ដែលមានវ័យក្មេងពេក។ ១១. បុរស ស្រ្តីណាដែលតែងតាំងអ្នកមិនចេះសន្សំសំចៃ ខ្ជះខ្ជាយមិនដឹងខាតបង់ឲ្យមើលការខុសត្រូវទ្រព្យសម្បត្តិរបស់របរ។ ១២. ស្តេចប្រមុខដឹកនាំប្រធានមេកោយអ្នកជាប្រមុខដែលមិនមាននូវទ្រព្យសម្បត្តិគ្រប់គ្រាន់ (រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងគុណសម្បត្តិ)។ ខាងក្រោមជាខ្លឹមសារដើមទាំងស្រុង នៃធម៌បរាភវសូត្រ៖ បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ មុខំ ។ យើងខ្ញុំទាំងឡាយមកសូមទូលសួរ នូវហេតុដែលគួរចម្រើនវិនាស ប្រុសស្រីក្នុងលោកសន្និវាស ដែលនឹងវិនាសសាបសូន្យចាកគុណ ។ ឆ្ពោះព្រះគោតម ព្រះអង្គមានបុណ្យ មេត្តានិមន្តសម្តែងឱ្យទាន ធម្មជាតដូចម្តេចដែលជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ ព្រះសាស្តា ឆ្លើយតបនឹងទេព្តាថា៖ សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ។ អ្នកដែលចម្រើនតថាគតស្គាល់ងាយ អ្នកដែលអន្តរាយតថាគតស្គាល់ពិត អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្តនឹងបានចម្រើន ។ អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន ឥតកើនចម្រើនវិនាសទៅមុខ ។ ឥតិហេតំ វិជានាម បឋមោ សោ បរាភវោ ទុតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី១ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី២អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ។ អ្នកដែលស្រឡាញ់ពេញចិត្តស្នេហា តែនឹងមនុស្សណាអសប្បុរស តែងមិនស្រឡាញ់ពេញចិត្តទាំងអស់ នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។ សេចក្តីស្រឡាញ់ពេញចិត្តគំនិត ហើយទៅគប់ពិតអសប្បុរស គាប់ចិត្តក្នុងធម៌ឬមួយរបស់ ហេតុនោះទាំងអស់នាំឱ្យវិនាស ។ ឥតិហេតំ វិជានាម ទុតិយោ សោ បរាភវោ តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី២ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី៣អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ។ អ្នកដេកច្រើន១និយាយច្រើន១ និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង អ្នកខ្ជិលច្រអូសមិនមានខ្នះខ្នែង ខឹងច្រើនសម្តែងឱ្យគេឃើញបាន ។ ហេតុធម៌ទាំងនោះមិនជាកល្យាណ នាំឱ្យខកខានខាតខូចប្រយោជន៍ មានជាប្រធានតិចច្រើនដោយហោច នាំបង់ប្រយោជន៍ហើយឱ្យវិនាស ។ ឥតិហេតំ វិជានាម តតិយោ សោ បរាភវោ ចតុត្ថំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្ដីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៣ទាន់ហន់។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី៤ អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ យោមាតរំ វា បិតរំ វា ជិណ្ណក៓ៗ គតយោព្វនំ បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ។ នរជនណាមានទ្រព្យធនធាន ហើយខ្លួនមិនបានចិញ្ចឹមរក្សា មាតាបិតាដែលចាស់ជរា ហេតុនោះទៅជានាំឱ្យវិនាស ។ ឥតិហេតំ វិជានាម ច តុត្ថោ សោ បរាភវោ បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៤ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី៥អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ យោ សមណំ ព្រាហ្មណំ វា អញ្ញំ វាបិ វនិព្វក៓ មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ។ ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ ពួកស្មូមឬអ្នកដទៃៗ ដោយមុសាវាទឃ្លាតពាក្យប្រពៃ នោះប្រធាននៃសេចក្តីវិនាស ។ ឥតិហេតំ វិជានាម បញ្ចមោ សោ បរាភវោ ឆដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៥ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី៦អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ។ បុរសអ្នកមានទ្រព្យធនធានច្រើន មាសប្រាក់ចម្រើននិងគ្រឿងអាហារ លបលាក់របស់ដែលឆ្ងាញ់ពិសា ស៊ីម្នាក់ឯងជាប្រធានវិនាស ។ ឥតិហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៦ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី៧អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ។ អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល ហើយមិនប្រមូលសាច់ញាតិសន្តាន មើលងាយញាតិខ្លួនដោយអាងខ្លួនមាន នោះជាប្រធានសេចក្តីវិនាស ។ ឥតិហេតំ វិជានាម សត្តមោ សោ បរាភវោ អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៧ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី៨អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ។ ជនអ្នកប្រព្រឹត្តល្បែងបីប្រការ ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ ការល្បែងទាំងឡាយនោះនាំវិនាស ។ ឥតិហេតំ វិជានាម អដ្ឋមោ សោ បរាភវោ នវមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៨ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី៩អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ។ ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជាប់ចួននឹងស្រីពេស្យា ទ្រុស្តនឹងប្រពន្ធកូនជននានា ហេតុនោះទៅជានាំឱ្យវិនាស ។ ឥតិហេតំ វិជានាម នវមោ សោ បរាភវោ ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី៩ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី១០អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ អតីត យោព្វនោ បោសោ អានេតិ តិម្ពរុត្ថនី តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ។ បុរសមានវ័យដែលចាស់ហួសពេក ហើយមានតម្រេកដោយក្ដីតណ្ហា នាំយកស្រីក្មេងមកធ្វើភរិយា ហេតុនោះទៅជានាំឱ្យវិនាស ។ ឥតិហេតំ វិជានាម ទសមោ សោ បរាភវោ ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី១០ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី១១អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ ឥត្ថី សោណ្ឌី វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ។ បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយតាំងបុរសនោះ ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះនាំឱ្យវិនាស ។ ឥតិហេតំ វិជានាម ឯកាទសមោ សោ បរាភវោ ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។ យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង វិនាសនេះឯងព្រោះហេតុដូច្នោះ ក្តីវិនាសនេះបើរាប់សង្គ្រោះ វិនាសនោះឈ្មោះទី១១ទាន់ហន់ ។ បពិត្រព្រះអង្គព្រះនាមភគវន្ត សូមទ្រង់និមន្តសម្តែងឱ្យទាន វិនាសទី១២អ្វីជាប្រធាន នាំសត្វឱ្យមានសេចក្តីវិនាស ។ អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ។ ជនណាកើតក្នុងត្រកូលជាក្សត្រ អ្នកក្សត់សម្បត្តិហើយប្រាថ្នាធំ ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ ហេតុនោះនឹងនាំឱ្យដល់វិនាស ។ ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ អរិយទស្សន សម្បន្នោ ស លោកំ ភជតេ សិវំ ។ ជនជាបណ្ឌិតគំនិតប្រសើរ បានឃើញដំណើរនៃហេតុវិនាស ដល់សត្វក្នុងលោកសន្និវាស គេចពីវិនាសគប់រកចម្រើន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...