Tuesday, July 16, 2019

ហ្វីលីពីនចង់ទិញកាំភ្លើងបាញ់រះស្វ័យប្រវត្តិពីអាមេរិក «៧៤,០០០ដើម» តែមិនដឹងថាអាមេរិកព្រមលក់ ឬមួយក៏អត់

(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក ធីអូដូរ៉ូ ឡក់ស៊ីន (Teodoro Locsin) នាថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសលោកចង់ទិញកាំភ្លើងបាញ់រះដោយស្វ័យប្រវត្តិធុន M-16 ចំនួន ៧៤,០០០ដើមពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពការពារសន្តិសុខជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។ លោក Locsin បានបង្ហើបឲ្យដឹងពីគម្រោងនេះ នៅក្រោយជំនួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការតំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើតនៃក្រសួងការបរទេសអាមេរិក គឺលោក ដេវីដ ស្ទីលវែល (David Stilwell) ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅទីក្រុងម៉ានីល ដើម្បីចូលរួមវេទិកាកិច្ចសន្ទនាយុទ្ធសាស្រ្តទ្វេភាគី រវាងអាមេរិក-ហ្វីលីពីនលើកទី ៨។ បើតាមលោកប្រមុខការទូតហ្វីលីពីន ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងប្រើប្រាស់អាវុធទាំងនេះ ដើម្បីប្រឹងប្រែងបញ្ចប់រាល់ការគំរាមកំហែងផ្នែកសន្តិសុខនានា ដែលមានចំពោះប្រទេសហ្វីលីពីន។ លោក Locsin បានបញ្ជាក់ថា ប្រទេសលោកនឹងរង់ចាំថា តើអាមេរិកគិតយ៉ាងណា ចំពោះបំណងទិញកាំភ្លើងរាប់ម៉ឺនដើមនេះ។ គួរជម្រាបថា កាលពីឆ្នាំ២០១៦ លោក ឌូតឺតេ ធ្លាប់បានបង្គាប់ឲ្យកម្លាំងប៉ូលិសជាតិហ្វីលីពីន លុបចោលការទិញកាំភ្លើងបាញ់រះចំនួន ២៦,០០០ដើមពីអាមេរិក ក្រោយលោកបានលឺព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនបានគំរាមឈប់លក់អាវុធទាំងនោះ ដោយសារតែ បញ្ហាសិទ្ធិមនុស្សនៅប្រទេសហ្វីលីពីន ពោលគឺព្រោះអំពើហិង្សារបស់ប៉ូលិសហ្វីលីពីន ក្នុងយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀនរបស់លោក ឌូតឺតេ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...