Saturday, October 27, 2018

ប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យ​ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភ​ា បានអនុញ្ញាតឲ្យលោកស្រី ទ្រឿង ធី ម៉ៃ (Truong Thi Mai) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ នាឱកាសនេះ​ លោក សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូទាំងអស់នៅលើទឹកដីកម្ពុជា ។ ដំណើរទស្សនកិច្ចរបស់លោកស្រី​នេះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យដ៏ធំធេង ក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រជាជននៃប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ លោកស្រី ទ្រឿង ធី ម៉ៃ បានថ្លែងអំណរគុណចំពោះប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃអនុញ្ញាតឲ្យលោកស្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ។ លោកស្រី​ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូល និងលោកស្រី​ ប្រធានរដ្ឋសភាវៀតណាម ជូនចំពោះ ប្រធានព្រឹទ្ធសភា ប្រកបដោយសុខភាពល្អបរិបូរណ៌ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម។ លោកស្រី​ ទ្រឿង ធី ម៉ៃ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល កម្ពុជា ហើយតាមរយៈការដឹកនាំដ៏ត្រឹមត្រូវនេះ ប្រជាជនកម្ពុជានឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។លោកស្រី​បានសម្តែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះដ៏ធំធេងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កន្លងទៅនេះ។ លោកស្រី​ ទ្រឿង ធី ម៉ៃ បានស្នើដល់ប្រធានព្រឹទ្ធសភា បន្តជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូគណៈកម្មការជំនាញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិកម្ម និងការត្រួតពិនិត្យ។ លោកស្រី​ សង្ឃឹមថា នាពេលអនាគត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀត ទាំងក្នុងក្របខ័ណ្ឌសហភាពអន្តរសភា (IPU) ថ្នាក់តំបន់ និងលើឆាកអន្តរជាតិ។ លោកស្រី​ ទ្រឿង ធី ម៉ៃ បានអះអាងថា បក្សរដ្ឋ និងប្រជាជនវៀតណាម នឹងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនម្ពុជា ដោយប្រកាន់នូវគោលជំហរឥតងាករេ ក្រោមពាក្យស្លោក «អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរឹងមាំយូរអង្វែង» រវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម លោកស្រី​ ទ្រឿង ធី ម៉ៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានជួយបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគគិនវៀតណាម មកវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា។ លោកស្រី​ សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា បន្តអប់រំគាំទ្រដល់អ្នកវិនិយោគគិនវៀតណាម ឲ្យគោរពច្បាប់នានារបស់ប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងការកសាង​អភិវឌ្ឍប្រទេសកម្ពុជា និងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ លោកស្រី​ ទ្រឿង ធី ម៉ៃ បានគោរពអញ្ជើញលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយ។ លោក សាយ ឈុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់លោកស្រី​ប្រធានគណៈប្រតិភូ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុក្ខទុក្ខ និងពាក្យជូនពររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងលោកស្រី​ប្រធានរដ្ឋសភាវៀតណាម ។ ប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណនូវប្រសាសន៍ដ៏ល្អរបស់លោកស្រី ដែលបានថ្លែងសរសើរអំពី ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ប្រធានព្រឹទ្ធសភា បានបញ្ជាក់អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមបានឡើយ នៅក្នុងសម័យសង្គ្រាមរំដោះជាតិ ក៏ដូចជាសង្រ្គាមសង្គ្រោះជាតិ កងទ័ពស្ម័គ្រចិត្តវៀតណាមបានធ្វើពលិកម្មយ៉ាងច្រើននៅលើទឹកដីប្រទេសកម្ពុជា នេះជាគុណូបការៈដែលមិនអាចបំភ្លេចបានឡើយ។ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដែលបានប្រកាសទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងផ្ញើសារអបអរសាទរចំពោះលោក ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃរដ្ឋសភា នីតិកាលទី៦។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...