នៅព្រឹកទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នងព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៦ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០១៨) នៃការយាងចូលព្រះទីវង្គិតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាបរិវេណ ព្រះឧបោសថរតនារាម ព្រះវិហារព្រះកែវមរតក ព្រះបរមរាជវាំង។
យាងនិងអញ្ជើញចូលរួមក្នុងឱកាសនោះដែរ មានការយាងអមដង្ហែដោយ ព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រួមមាន លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ព្រមទាំងនាម៉ឺនសព្វមុខមន្រ្តីជាច្រើនរូបផងដែរ។
សូមថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕


0 comments