កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានចុះត្រួតពិនិត្យទីតាំង និងប្រជុំពិភាក្សារៀបចំផែនការបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ។កិច្ចប្រជុំនេះមានការចូលរួម ពីអាជ្ញាធរខេត្ត និងមន្ទីររាជការជុំវិញខេត្ត អាជ្ញាធរក្រុង ។
នាឱកាសនោះ លោក ថោង ខុន បានមានប្រសាសន៍ថា យើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់អប់រំអាជីវករ និងប្រជាពលរដ្ឋឲ្យចេះធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវ អ្នកលក់ដូរក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវតែមានឯកសណ្ឋានត្រឹមត្រូវ និងមានសេវាកម្មល្អក្នុងការបម្រើភ្ញៀវ ដោយត្រូវមានអាហារឆ្ងាញ់ មានអនាម័យល្អ បរិស្ថានល្អ ដើម្បីទទួលភ្ញៀវដែលមកលេងកំសាន្តក្នុងពិធីបុណ្យទន្លេរយៈពេល
៣ថ្ងៃនៅក្នុងខេត្តកំពង់ឆ្នាំង នៅខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
លោកបានមានប្រសាសន៍បន្តថា ដោយឡែកតាម ផ្ទះសំណាក់ និងសណ្ឋាគារ សូមកុំតម្លើងថ្លៃ ចំណែកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុង សូមរៀបចំអោយបានស្អាតបាតមានរបៀបរៀបរយ មានភ្លើងអគ្គិសនី មានបន្ទប់ទឹកស្អាត មានអនាម័យល្អ ដើម្បីទទួលភ្ញៀវដែលមកស្នាក់នៅលេងកំសាន្តនៅក្នុងពិធីបុណ្យ បើផ្ទះសំណាក់ពេញហើយនោះ ភ្ញៀវ និង មកជួលផ្ទះប្រជាពលរដ្ឋយើងហើយ ចំណែកម៉ូតូឌុប រ៉ឺម៉កម៉ូតូត្រូវមានអាវកាក់ និងមានការគ្រប់គ្រងបានល្អ ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងក៏បានលើកឡើងថា គម្រោងនៃផែនការបុណ្យទន្លេ ក្រោមប្រធានបទ « ទន្លេនៃជីវិត សុភមង្គល និងកំណើនទេសចរណ៍ » ដោយអាជ្ញាធរខេត្តបានរៀបចំបង្កើតគណៈកម្មការ លេខាធិការដ្ឋាននិងអនុគណៈកម្មការសរុបចំនួន ១៧អនុគណៈកម្មការ ដើម្បីបែងចែកភារកិច្ចទទួលខុសរៀងៗខ្លួនទៅតាមមុខជំនាញ បំរើអោយការធ្វើបុណ្យទន្លេទទួលបានជោគជ័យ ។
លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តបានគ្រោងរៀបចំតុបតែងខ្លោងទ្វាររូបភាពធំៗចំនួន១៧ ក្លោងទ្វាតូចៗចំនួន២២ នៅក្នុងទីក្រុងកំពង់ឆ្នាំង និងនៅតាមផ្លូវជាតិលេខ ៥ នឹងផ្លូវក្នុងខេត្តផងដែរ ដើម្បីស្វាគមន៍ក្នុងការធ្វើបុណ្យទន្លេ នៅក្នុងខែមិនា ឆ្នាំ២០១៩ ខាងមុខនេះ ។
អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា នៅក្នុងកម្មវិធី៣ថ្ងៃនៃបុណ្យទន្លេនេះ ក៏មានកម្មវិធីនានាជាច្រើនផងដែរសម្រាប់លេងកំសាន្តផងដែរមានៈ ការរត់ប្រណាំងកំសាន្តចម្ងាយ ៣ទៅ ៥គីឡូម៉ែត្រ , ពិធីដាំដើមឈើអនុស្សាវរីយ៍ , ការប្រណាំងទូក២២គូ , ការតាំងពិពណ៌សិប្បទេសចរណ៍ ផលិតផលខ្មែរ , ការប្រកួតកីឡាអុកចត្រង្គ , ប្រដាល់គុនខ្មែរ ថៃ , ចំបាប់បុរាណ និងក្បាច់គុនល្បុកតោ , កីឡាហែលទឹកឆ្លងទន្លេ៩០០ម៉ែត្រ , ការប្រកួតកីឡាបាល់ទាត់ បាល់ទះ មិត្តភាព , ការប្រកួតកីឡាប្រណាំងកង់ ៥គីឡូម៉ែត្រ , ជិះកង់កំសាន្ត១២គីឡូម៉ែត្រ , កម្មវិធីសិល្បះ ប្រគុំតន្ត្រី , មហោស្រពម្ហូបអាហារ និងភេសជ្ជៈ មាន២៤០ស្តង់ និងកាបាញ់កាំជ្រូចអបអរសាទរកម្មវិធីបើកជាផ្លូវការ បុណ្យទន្លេលើ កទី៥ ឆ្នាំ២០១៩ ៕


0 comments