Credited: រស្មីកម្ពុជា:
កោះកុងៈលោករីមិថុនាភូថងអភិបាលខេត្តកោះកុងគ្រោងនឹងផ្អាកការធ្វើចរាចរណ៍រថយន្តធំធុនធ្ងន់ដឹកទំនិញទៅមកលើផ្លូវជាតិលេខ៤៨ ដែលកំពុងរងផលខូចខាតជាបណ្តោះអាសន្នសិន ដើម្បីទុកលទ្ធភាពដល់ក្រុមការងារជំនាញជួសជុលកែលម្អឱ្យបានរឹងមាំ។
ក្រោយបញ្ចប់កិច្ចប្រជុំលើកទី២ស្តីពីការរៀបចំបុណ្យសមុទ្រកាលពីថ្ងៃទី៣០កញ្ញាលោកស្រីមិថុនាភូថងអះអាងថាលោកស្រីនឹងសរសេរលិខិតជាផ្លូវការមួយទៅកាន់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនទំនិញធំៗទាំងអស់ក្នុងខេត្តកោះកុង សុំផ្អាកសកម្មភាពចរាចរណ៍លើផ្លូវជាតិលេខ៤៨ជាបណ្តោះអាសន្ន។
បើតាមអភិបាលខេត្តកោះកុងហេតុដែលអាជ្ញាធរចាំបាច់ធ្វើដូច្នេះគឺដើម្បីជៀសវាងបង្កគ្រោះថ្នាក់តាមដងផ្លូវកំពុងរងផលខូចខាត។ពិសេសទុកពេលវេលាដល់ក្រុមការងារជំនាញមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ជួសជុលផ្លូវឱ្យបានរឹងមាំស្អាតល្អសម្រួលដល់ការធ្វើដំណើរខណៈពិធីបុណ្យសមុទ្រខិតជិតមកដល់។
ប៉ុន្មានថ្ងៃកន្លងទៅមកអាកាសធាតុនៅក្នុងខេត្តកោះកុងហាក់មានអំណោយផលច្រើនដល់ក្រុមការងារអាចជួសជុលតំបន់មួយចំនួនដែលរងការខូចខាតខ្លាំងលើកំណាត់ផ្លូវជាតិលេខ៤៨។ប៉ុន្តែរងការខូចខាតខ្លះៗទៅ ដោយសារតែមិនទ្រាំទ្រនឹងទម្ងន់រថយន្តដឹកជញ្ចូនទំនិញធំៗ។
ចំណែកសាធារណជនក៏ធ្លាប់ស្នើដល់អាជ្ញាធរខេត្តឱ្យសុំផ្អាកសកម្មភាពរថយន្តដឹកទំនិញលើសទម្ងន់កំណត់ជាបណ្តោះអាសន្នសិនផងដែរខណៈលំបាកធ្វើដំណើរឆ្លងកាត់។ព្រោះតែរថយន្តធំៗទាំងនេះហើយដែលនាំឱ្យផ្លូវខូចខាតក្រៅពីផ្លូវហួសសុភាពប្រើប្រាស់។
លោកអនដាវុធប្រធានមន្ទីរសាធារណការនិងដឹកជញ្ចូនខេត្តកោះកុងថ្លែងថាអំឡុងខែឧសភានិងខែមិថុនាលោកបានសហការជាមួយស្នងការនគរបាលនិងកងរាជអាវុធហត្ថខេត្តចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមដងផ្លូវជាតិលេខ៤៨ជាបន្តបន្ទាប់។
ជាយន្តការថែទាំផ្លូវថ្នល់ និងទប់ស្កាត់សកម្មភាពដឹកទំនិញលើសទម្ងន់កំណត់ លោក អន ដាវុធ បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងសាធារណការ ដើម្បីមានស្ថានីយ៍ថ្លឹងរថយន្តធំៗដែរ។ តែទោះយ៉ាងណា គិតមកដល់ពេលនេះ ពុំទាន់មានការឆ្លើយតបណាមួយឡើយ។
បច្ចុប្បន្នមន្ទីរនិងក្រសួងសាធារណការចាត់បញ្ចូនគ្រឿងចក្របុគ្គលិកកម្មករជំនាញចុះពិនិត្យទីតាំងរងផលខូចខាតទំហំធំដោយកំពុងឈូសឆាយជួសជុលសម្រាប់ធ្វើការដំណើរជាបឋមសិន។
តាមការវាយតម្លៃរបស់ក្រសួងសាធាណការគិតមកត្រឹមថ្ងៃទី២២ខែសីហា២០១៨ទំហំនៃការខូចខាតផ្លូវជាតិលេខ៤៨ចាប់ពីស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទខេត្តកោះកុងមានប្រវែង៣៥គីឡូម៉ែត្រស្មើនឹង២២,២៦ភាគរយរាប់បញ្ចូលទាំងកំណាត់ផ្លូវដែលបានកែលម្អកាលពីឆ្នាំ២០១៧ផងដែរ៕



0 comments