Thursday, September 20, 2018

កម្ពុជា-អាល្លឺម៉ង់ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនប្រទេសទាំងពីរ

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Markkus Benjamin Koob សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ដែលជំនួបនេះធ្វើឡើង នៅវិមានសន្តិភាព។ លោក Markkus Benjamin Koob បានអបអរសាទរ និងបានពាំនាំនូវការអបអរសាទរអំពីលោកស្រីអធិការបតី Angela Markel ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តីបន្តទៀត នៅក្នុងការបោះឆ្នោតកន្លងមកនេះ។ លោក Markkus Benjamin Koob បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលលោកបានមកកាន់ប្រទេសកម្ពុជា ដ៏ស្រស់ស្អាត និងបានឃើញពីការរីកចម្រើនយ៉ាងច្រើន។ លោកមានការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន រួមទាំងការយកចិត្តទុកដាក់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការផ្តល់នូវកិច្ចគាំពារសង្គមដល់កម្មករ កម្មការិនីតាមរោងចក្រ ជាពិសេសកម្មការិនីមានផ្ទៃពោះ។ ទន្ទឹមនឹងនេះដែរ លោក Markkus Benjamin Koob បានសម្តែងនូវការអបអរសាទរ និងរីករាយដែលមានក្រុមហ៊ុន និងរោងចក្រធំៗ មកវិនិយោគនៅកម្ពុជា លើទីផ្សារវាយណភ័ណ្ឌ ដែលមានគុណភាពនាំចេញ ទៅទីផ្សារអឺរ៉ុប។ លោក ក៏បានបញ្ជាក់សារជាថ្មីថា អាល្លឺម៉ង់រីករាយបន្តគាំទ្រហើយត្រៀមខ្លួនជាស្រេច ក្នុងការជួយជំរុញការអភិវឌ្ឍកម្ពុជា ដែលឈរលើទំនាក់ទំនងដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដទៃទៀ តដែលប្រទេសទាំងពីរអាចធ្វើទៅបាន។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំដែងនូវអំណរគុណជូនចំពោះលោកស្រីអធិការបតី អាល្លឺម៉ង់ ដែលបានផ្ញើសារអបអរសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោតផង និងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី របស់លោកផង។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លក្ខខណ្ឌការងារល្អប្រសើររបស់កម្មករ កម្មការិនី គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបផងដែរ អំពីការអញ្ជើញចុះទៅជួបប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុន និងជាពិសេសគឺកម្មករ កម្មការិនីចំនួន ៨ ម៉ឺននាក់ រួចមកហើយ ហើយតាមរយៈជំនួបនេះ គឺដើម្បីជំរុញការអនុវត្តកិច្ចគាំពារសង្គម និងលក្ខខណ្ឌការងារ នៅតាមរោងចក្រនីមួយៗ ឱ្យកាន់តែប្រសើរឡើង ដូចជា៖រោងចក្រត្រូវមានទីកន្លែង និងផ្តល់អាហារថ្ងៃត្រង់ ដល់កម្មករ និងមានគិលានដ្ឋាន និងកន្លែងបំបៅដោះកូន និងផ្តល់លទ្ធភាពឱ្យមានការពិនិត្យសុខភាព ស្ត្រីមានផ្ទៃពោះ។ ចំពោះស្ត្រីក្រោយសម្រាលកូនរួចហើយ គឺនឹងទទួលបានថវិកា ១០០ ដុល្លារ សម្រាប់កូនម្នាក់ ហើយទទួលបានប្រាក់ខែ ១២០% ព្រមទាំងបានឈប់សម្រាក៣ខែទៀតផង។ ចំពោះប្រាក់ខែកម្មករប្រចាំឆ្នាំក៏ត្រូវឡើងជារៀងរាល់ឆ្នាំផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូនផងដែរថា ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មីនេះ គឺនឹងបន្តខិតខំធ្វើយ៉ាងណា ដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយសង្គម។ កម្ពុជា និងអាល្លឺម៉ង់ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែល្អ រឹងមាំថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...