(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មុននឹងចេញដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែកញ្ញានោះ លោក ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារផ្តាំផ្ញើដល់បងប្អូនជនរួមជាតិខ្មែរ នៅលើបណ្តាញ Facebook ផ្លូវការរបស់លោក ដោយលោកលើកឡើងថា នៅថ្ងៃនេះ លោកសូមលាបងប្អូនខ្មែរ ទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយកាទូត លើឆាកអន្តរជាតិ មិនមែនលាទៅបម្រើជាតិ ទៅច្បាំងដោយអាវុធនោះឡើយ។
លោក ហ៊ុន សែន លើកឡើងទៀតថា កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ហើយលោកចេញទៅប្រជុំនៅអង្គការសហប្រជាជាតិលើកនេះ ក៏នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគ្រស្មាញ។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូលចិត្តលោក សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍មុខមាត់លោក ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួន។
លោក ហ៊ុន សែន បានសរសេរលើ Facebook របស់លោកយ៉ាងដូច្នេះថា «ខ្មែរស្ទើរគ្រប់គ្នាស្គាល់បទដ៏ពេញនិយមមួយ ដែលមានចំណងជើងថា លាទៅបម្រើជាតិ ។
តែសម័យនោះ គឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ។ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយ ត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។
ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូត នៅលើឆាកអន្តរជាតិ។ កម្ពុជាមិនអាចឱ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ។
ខ្ញុំចេញទៅលើកនេះក៍នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និងអន្តរជាតិដែលកំពុងវិវត្តន៍យ៉ាងតានតឹងនិងស្មុគ្រស្មាញ។
ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំ និងគាំទ្រកម្ពុជានៅក្រៅប្រទេស ខ្ញុំនឹងទៅជួបបងប្អូនក្នុងពេលដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នា ខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅ ការវិវឌ្ឍ និងការអភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។
ចំពោះជនរួមជាតិ នៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនទៅចុះ។ ខ្ញុំត្រូវស្ថិតនៅលើយន្តហោះជាង១៧ម៉ោងក្នុងដំណើរផ្លូវពីភ្នំពេញទៅកាន់ញ៉ូវយ៉ក។ សង្ឃឹមថានឹងបានសម្រាកលក់លើយន្តហោះបន្ទាប់ពីហត់នឿយនៃការងារក្នុងប្រទេស។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ»៕
0 comments