លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងនូវក្តីរីករាយស្វាគមន៍ និងអបអរសាទរ ចំពោះកីឡាករបាល់ទាត់ដ៏ឆ្នើមរបស់ជប៉ុន គឺកីឡាករ Honda Keisuke ដែលលោកបានស្ម័គ្រចិត្តមកជួយបង្វឹក ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ។
តាមរយៈ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចាត់ទុកថា ការលះបង់របស់កីឡាករ Honda គឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តម ក្នុងការលើកស្ទួយវិស័យកីឡារបស់កម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង។
លោកក៏បានអរគុណដល់កីឡាករ Honda Keisuke និងរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាគ្រប់វិស័យ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរលើ Facebook យ៉ាងដូច្នេះថា «កម្ពុជារីករាយស្វាគមន៍ និងអបអរសាទរ ចំពោះកីឡាបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា (FCC) ដោយមិនគិតថ្លៃក្នុងរយៈពេល២ឆ្នាំ។ នេះគឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តមបំផុតរបស់ លោក Honda Keisuke ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជា ឲ្យកាន់តែរីកចម្រើន»។
ជាមួយគ្នានដែរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលស្នេហាវិស័យកីឡាបាល់ទាត់ រង់ចាំទស្សនាការប្រកួត កីឡាបាល់ទាត់រវាងកម្ពុជា និងម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
សូមជម្រាបថា លោក HONDA ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសកម្ពុជា ជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ អតីតកីឡាករវ័យ៣២ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្លឹបយក្សអ៊ីតាលី AC Milan មុនផ្លាស់ទៅលេងនៅម៉ិចស៊ិក ក្នុងក្លឹប Pachuca និងចុងក្រោយលេងនៅអូស្ត្រាលី ក្នុងក្លឹប Melbourne Victory ។ លោកទើបតែបានប្រកាសលាឈប់ ពីក្រុមជម្រើសជាតិជប៉ុន ក្រោយបញ្ចប់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ៕



0 comments