ត្បូងឃ្មុំ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល០៦ខែទៀតតាមនីតិវិធី ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ។
សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីសម្រេចថា ពន្យារពេលឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀតបន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់ ដោយសារតែកាលពីខែមីនា ឆ្នាំ២០១៨នោះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្នរយៈពេល៦ខែទៀតម្តងរួចទៅហើយដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។ សវនាការនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនេះ ដឹកនាំដោយចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។ មេធាវីទាំង០៤នាក់ ដែលការពារក្តីឱ្យលោក កឹម សុខា ក៏មានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់អាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។ ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថាជាអំពើក្បត់ជាតិ៕



0 comments