Thursday, June 7, 2018

កម្ពុជាត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុប្រធាន សម័យប្រជុំលើកទី៧៣ របស់មហាសន្និបាត UN

កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះ។ ក្រសួងការបរទេស បានអះអាងថា យោងតាមការណែនាំរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នៅក្នុងស្មារតីលើកតម្កើងកិត្យានុភាព និងកិត្តិយសជាតិ នៅលើឆាកអន្តរជាតិ បានដាក់បេក្ខភាពកម្ពុជាជាអនុប្រធាន នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅខែមករា ឆ្នាំ២០១៧។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ បេក្ខភាពរបស់កម្ពុជា និងប្រទេសចំនួនបួនផ្សេងទៀត ទទួលបានការគាំទ្រជាផ្លូវការ ដោយប្រទេសនៃក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាអនុប្រធាន នៃមហា សន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ក្រសួងការបរទេស បានបន្តទៀតថា ក្នុងឋានៈជាអនុប្រធាននៃមហាសន្និបាត អង្គការសហប្រជាជាតិ កម្ពុជាអាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើរបស់ប្រធាន។ លើសពីនេះទៀត កម្ពុជាក៏នឹងក្លាយជាសមាជិក នៃគណៈកម្មាធិការទូទៅ ដែលមានមុខងារដូចជាពិនិត្យរបៀបវារៈបណ្តោះអាសន្ន និងបញ្ជីបន្ថែមចំនុចពិភាក្សា ផ្តល់អនុសាសន៍ដល់មហាសន្និបាត និងជួយដល់ប្រធាននិងមហាសន្និបាតក្នុងការរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គនីមួយៗ ហើយនិងក្នុងការងារទូទៅរបស់មហាសន្និបាត។ គួរកត់សម្គាល់ដែរថា កម្ពុជា ក៏ត្រូវបានជ្រើសតាំងលើកដំបូង ជាអនុប្រធាន នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៦ អាណត្តិឆ្នាំ ២០០១-២០០២ ផងដែរ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...