Credited: រស្មីកម្ពុជា :
កំពង់ឆ្នាំង: គិតមកដល់ថ្ងៃទី២៨ ខែ មិថុនានេះគឺជាលើកទី ៤៧ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី រោងចក្រនៅក្នុងខេត្ត រាជធានី ចំនួន ៨ ដែលមានកម្មករប្រមាណជាង ៦២ ម៉ឺននាក់ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធនាការចុះជួបកម្មករ ដើម្បីជំរុញការអនុវត្ត គោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) តាំងពីថ្ងៃទី ២០ខែសីហា២០១៧ ដោយក្នុងសប្តាហ៍ជួប ២ ដងទៅ៣ ដង នៅថ្ងៃអាទិត្យ និង ថ្ងៃពុធ ។
នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករចំនួន ២១.៤៦៥នាក់មកពីរោងចក្រចំនួន ១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ នៅថ្ងៃនេះសម្តេចតេជោបានបង្ហាញពីមោទនភាពនៃនយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីការពេញចិត្តជាមួយនយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្ត កំពង់ទទួលជោគជ័យមួយជំហានធំហើយក្នុងរយៈពេល ១៩ ឆ្នាំកន្លងទៅនេះ តាមរយៈនយោបាយពង្រាយរោងចក្រទៅតាមមូលដ្ឋានដែលសម្តេចបានដាក់ចេញតាំងពីឆ្នាំ ១៩៩៩ ។ សម្តេចតេជោបានបន្តថា បើសម្តេចមិនច្រឡំទេនៅក្នុង ខែធ្នូ ឆ្នាំ ១៩៩៩ ដែលជាពេលវេលានៃការបង្កើតវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជនពេលនោះសម្តេចក៏បានសង្កត់ថាត្រូវខិតខំធ្វើយ៉ាងណាដោះស្រាយ ការងារធ្វើទាក់ទាញវិនិយោគតាមបណ្ដាខេត្តនានាតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឲ្យការពង្រាយរោងចក្រនៅតាមបណ្ដាខេត្ត ជាជាងប្រមូលផ្ដុំនៅតែទីក្រុងភ្នំពេញ ។ គោលនយោបាយនេះមិនមែនជាបញ្ហាប្រថុយប្រថាននោះទេ ។
សម្តេចតេជោបានបន្តថា ឥឡូវនេះខេត្តកំពង់ឆ្នាំងមានកម្មកររហូតទៅដល់ជាង ៤ ម៉ឺននាក់,ខេត្តស្វាយរៀងមានជាង ៥ ម៉ឺននាក់ ,ខេត្តព្រះសីហនុក៏មានជាង ៤ ម៉ឺននាក់ និង ខេត្តដទៃទៀត… ។ សម្តេចតេជោហ៊ុនសែនបានបន្តថាពេលដែលជួបកម្មករនៅក្នុងទៅទីក្រុង និង ខេត្តកណ្ដាល និយាយជ្សេងក៏ប៉ុន្តែនៅតាមបណ្តាខេត្តសម្តេចនៅតែបន្តលើកបញ្ជាក់ថា បើសិនជាមិនមានរោងចក្រនៅតាមបណ្តាខេត្តទេ ពិសេសនៅនៅក្នុងខេត្តកំពង់ឆ្នាំងនេះសួរថា ក្មួយៗថ្ងៃនេះដែលមកជួបពូនេះតើកំពុងធ្វើអ្វីទៅ? ច្បាស់ណាស់ចម្លើយចេញមកគឺមានតែ ២ ទេ ។ ទី ១ ក្មួយៗកំពុងស្ថិតនៅជាមួយឪពុកម្ដាយ ហើយមិនមែនធ្វើកម្មកររោងចក្រទេ ក៏ប៉ុន្តែខែនេះគឺជាខែដកស្ទូង និង ដាំដុះ ។ ក្មួយមិនទាន់ក្លាយជាកម្មករទេ គឺនៅជាកសិករសុទ្ធសាធធ្វើការជាមួយឪពុកម្ដាយ ឬ ជាមួយនឹងក្រុមគ្រួសាររបស់ខ្លួន។ ក្មួយមិនមានប្រាក់ចំណូល ១៧០ ដុល្លារសហរដ្ឋបន្ថែមទៅដោយប្រាក់អត្ថប្រយោជន៍ដទៃទៀតប្រហែលជាង ២០០ ដុល្លារ នោះទេ។ ចម្លើយទី ២ ពេលនេះក្មួយៗជាកម្មករ/ការិនីនៅឯទីក្រុងភ្នំពេញ ឬខេត្តផ្សេងដែលមានរោងចក្រ ក្មួយៗទៅធ្វើការនៅទីនោះ ។ ត្រូវធ្វើដំណើរពីស្រុកកំណើតដែលហៅថារបៀបទៅរកការងារនៅតាមទីក្រុង។ ចំណុចនេះធ្វើឲ្យក្មួយៗនឹងមានការចំណាយខ្ពស់នៅក្នុងការទទួលបានការងារធ្វើ ដោយត្រូវបង់ថ្លៃឈ្នួលផ្ទះ និងត្រូវចំណាយដទៃទៀតហើយបែកពីក្រុមគ្រួសារផង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា នយោបាយពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត កំពុងទទួលជោគជ័យបណ្ដើរៗហើយនឹងបន្តរីកចម្រើនជាជំហានបន្តទៀតនេះ បន្ទាប់ពីនយោបាយពង្រាយសាលារៀននៅក្នុងទសវត្សរ៍ ៨០ នៅក្នុងទសវត្សរ៍ ៩០៕



0 comments