Credited: រស្មីកម្ពុជា:
ក្រុមជួយសង្គ្រោះឥឡូវត្រៀមខួងទម្លុះថ្មពីលើល្អាងភ្នំថាំលួងនៅក្នុងខេត្តឈៀងរ៉ៃដើម្បីចូលទៅក្នុងល្អាងភ្នំក្នុងការស្វែងរកនិងសង្គ្រោះអ្នកទាត់បាល់វ័យក្មេង១២នាក់និងគ្រូបង្វឹករបស់គេម្នាក់ដែលត្រូវគេជឿថាជាប់នៅក្នុងរូងភ្នំដោយសារទឹកជំនន់ភ្លាមៗបិទផ្លូវរបស់ពួកគេចាប់តាំងពីថ្ងៃ២៣មិថុនាមក។
កន្លែងខួងគឺចំកណ្តាលល្អាង។តែរន្ធនេះដំបូងតូចទេ គឺល្មមសំរាប់តែបញ្ជូនកាមេរ៉ាមួយចុះទៅសំរាប់ថតមើលរូបភាពនៅក្នងល្អាងដើម្បីអោយដឹងថាតើក្មេងទាំងនេះជាប់នៅតំបន់នោះឬអត់។
ស៊ូវីត កូស៊ូវ៉ាន មន្ត្រីដឹកនាំការងារនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “បើយើងអាចទាក់ទងជនរងគ្រោះ យើងនឹងទម្លាក់អាហារចូលនិងខួងបើកមុខអោយធំតាមក្រោយ”។
មន្ត្រីម្នាក់ទៀតមកពីផ្នែករ៉ែ បាននិយាយថា បន្ទប់ស្ថានការណ៍សំរាប់ប្រតិបត្តិការនេះបានសំរេចថា ការខួងរន្ធនេះគួរធ្វើឡើង។”បើមិនប្រឈមការរលំបាក់ដីទេ យើងនឹងខួងនៅ៣ចំណុច”។
ទឹកជំនន់ជាឧបសគ្គធំដល់ការងារជួយសង្គ្រោះ។កងទ័ពជើងទឹកថៃបានបញ្ជូនទាហានទៅក្នុងល្អាងភ្នំអស់៥ថ្ងៃមកហើយតែនៅតែមិនអាចរកឃើញឬស្គាល់ទីតាំងដែលអ្នកបាត់ខ្លួនទាំងនេះនៅឡើយ។
ក្រុមហ៊ុនប្រេងPTT បញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក នាយកដ្ឋានប្រភពធនធានរ៉ែ និងវិទ្យាស្ថានវិស្វកម្មថៃបានចូលរួមផែនការខួងរូងជាមួយនឹងជំនាញនិងគ្រឿងបរិក្ខា។
ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីមហាផ្ទៃថៃ បានផ្តោតលើការបូមទឹកចេញដើម្បីអោយទាហានបន្តចូលក្នុងរូងស្វែងរកអ្នកបាត់ខ្លួន។ដោយសារតែភ្លៀងធ្លាក់ឥតឈប់ កំរិតទឹកនៅក្នុងល្អាងថាមលួង បន្តកើនឡើងទោះជាកន្លងមកបានប្រើបំពង់បូមធំៗដើម្បីរំដោះទឹកចេញពីរូងក្តី៕



0 comments