ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនារបស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវចាត់ទុកជា ដួង ព្រលឹងរបស់ខ្មែរទាំងមូលដែលគ្មានអ្នកណាអាចបំពានបានឡើយ។ ខណៈ ដែលរាជរដ្ឋាភិបាល ខិតខំលើកស្ទួយកិត្យានុភាពជាតិ ជ្រោងទង់ព្រះពុទ្ធសាសនា និងការពារតម្លៃព្រះមហាក្សត្រ ដើម្បី ឲ្យសាកសមជាបាវនារបស់ជាតិ មានត្រកូលអ្នកនយោបាយ មួយទៀតបែរជាធ្វើសកម្មភាព គ្រប់ បែប យ៉ាងដើម្បីជាន់ពន្លិចកិត្យានុភាពជាតិខ្លួនឯង បំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ និង បន្ទាបបន្ថោកតម្លៃព្រះមហាក្សត្រគ្រប់ពេលវេលា។ នោះគឺអ្នកនយោបាយឈ្មោះ សម រង្ស៊ី នេះឯង។
បន្ទាប់ពីសំណុំរឿងក្បត់ជាតិជាច្រើនត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ជាពិសេស សំណុំរឿង ពាក់ព័ន្ធនឹងការលួច ចុះហត្ថលេខាដោយស្ងាត់ៗជាមួយតំណាងជនជាតិដើមភាគតិចវៀតណាមដោយ សន្យាប្រគល់ទឹកដីខេត្តចំនួន៤នៅភូមិភាគឥសាន ទៅឲ្យជនជាតិវៀតណាមរស់នៅ កំពុងកកក្រើក នៅឡើយនោះ ឥឡូវនេះ សម រង្ស៊ី បានចេញមុខជាចំហប្រឆាំងនឹងព្រះមហាក្សត្រតែម្តង។ សម រង្ស៊ី បានហៅព្រះរាជសារដែលព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតថាជាព្រះរាជសារ ក្លែងក្លាយ។ នេះជាទោសពានវាំង ប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរមួយ។ បន្ទាប់មក សម រង្ស៊ី និងបក្សពួក បាន ព្យាយាមបន្សាបព្រះរាជសាររបស់ព្រះមហាក្សត្រដោយបកស្រាយថា គ្មានអានុភាពផ្លូវច្បាប់ទេ។ នេះក៏ជាទោស ពានវាំង ប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរមួយទៀតពីព្រោះជាការ និយាយបន្ទាបតម្លៃនៃព្រះរាជសារ និងព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រធ្វើឲ្យមហាជនយល់ថា ព្រះរាជសាររបស់ព្រះមហាក្សត្រឥតបានការ និងគ្មានន័យអ្វីឡើយ។ កម្ពុជាមានច្បាប់ស្តីពីការប្រមាថ ព្រះមហាក្សត្រ ដូច្នេះ អាជ្ញាធរគួរតែចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះបុគ្គល សម រង្ស៊ី និងបុគ្គលទាំងឡាយណាដែលហ៊ានប្រមាថព្រះមហាក្សត្រដោយចំហបែបនេះ។
គួររម្លឹកថា បុគ្គល សម រង្ស៊ី គឺជាមនុស្សក្បត់ព្រះមហាក្សត្របន្តតំណែងពីឪពុករបស់ខ្លួន ឈ្មោះ សម សារី។ ដោយសារតែគំនុំចំពោះអតីតព្រះមហាក្សត្រ ព្រះបរមរតនៈកោដ្ឋ ដែលធ្លាប់ចាត់ការទង្វើក្បត់ជាតិនៃឪពុករបស់ខ្លួន សម រង្ស៊ី ក៏បន្តចងពៀរជាមួយព្រះមហាក្សត្រ និងរបបរាជា និយមរហូតដល់បច្ចុប្បន្ន។ សម រង្ស៊ី ខ្លួនឯង និងពេលខ្លះប្រើប្រាស់បក្សពួកឲ្យប្រមាថព្រះមហាក្សត្រជាញឹកញយ។ កាលពីថ្មីៗនេះ សម រង្ស៊ី បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រក្នុងន័យរារាំងព្រះអង្គមិនឲ្យចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ លិខិត និងចេតនារបស់សម រង្ស៊ី ក៏ជាទង្វើមាក់ងាយ និងប្រមាថព្រះចេស្តាយ៉ាងចំហបំផុត។ ភស្តុតាងមួយទៀតនៃអំពើក្បត់ព្រះមហាក្សត្ររបស់ សម រង្ស៊ី គឺនៅពេលដែលរាជរដ្ឋាភិបាលចាត់វិធានការដើម្បីការពារព្រះមហាក្សត្រតាមរយៈការធ្វើច្បាប់ដាក់ទោសដល់ជនណាដែលហ៊ានប្រមាថ ព្រះមហាក្សត្រនោះ សម រង្ស៊ី និងគូកនបាននាំគ្នាប្រឆាំងយ៉ាងខ្លាំងក្លាដោយចាត់ទុកថា ច្បាប់នោះធ្វើឡើងដើម្បីបំបិទសិទ្ធិសេរីភាពរបស់ពួកគេ ពោលគឺសិទ្ធិសេរីភាពក្នុងការជេរប្រមាថព្រះមហាក្សត្រនេះតែម្តង។
ពាក់ព័ន្ធនឹងអំពើក្បត់សាសនា វិញ សម រង្ស៊ី តែងញុះញង់បំបែកបំបាក់ព្រះសង្ឃពុទ្ធសាសនាដោយឃោសនាឲ្យព្រះសង្ឃបម្រើនយោបាយរបស់ខ្លួនទាំងបំពានធម៌វិន័យ។ សម រង្ស៊ី និងអតីតគណបក្សប្រឆាំងរបស់ខ្លួនតែងប្រើប្រាស់ព្រះសង្ឃក្លែងក្លាយ ព្រះសង្ឃទ្រូសសិលមួយចំនួនជាឈ្នាន់ដើម្បីបង្កការអុកឡុកក្នុងសង្គម ដូចជាឲ្យព្រះសង្ឃចូលរួមធ្វើបាតុកម្ម និងកុប្បកម្មផ្សេងៗ។ នៅពេលដែលអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការ និងមានការ ប៉ះទង្គិចគ្នា ពួកគេក៏បង្វែរសភាពការណ៍ថា អាជ្ញាធរបំពានលើព្រះសង្ឃទៅវិញ។ តាមពិត ពួកគេនេះហើយដែលយក សាសនាធ្វើជាឡប់ឡែ ដែលជាអំពើក្បត់សាសនាយ៉ាងធ្ងន់ធ្ងរ។
សរុបទៅ អំពើក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្ររបស់លោក សម រង្ស៊ី គ្មានអ្វីជាអាថ៌កំបាំងឡើយ។ សម រង្ស៊ី តែងដើរបង្ខូចកេរ្តីឈ្មោះប្រទេសជាតិនៅលើ ឆាកអន្តរជាតិឥតឈប់ឈរ។ អ្នកនយោបាយប្រឆាំងរូបនេះ បើនៅក្នុងស្រុកវិញតែងបង្កបញ្ហាជានិច្ចដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិជួបភាពវឹកវរ ចលាចល និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរងគ្រោះទោះដោយប្រការណាមួយក្តីដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ នៅលើឆាកអន្តរជាតិវិញ ទៅដល់ទីណា សម រង្ស៊ី តែងអំពាវនាវឲ្យសហគមន៍អន្តរជាតិកាត់ផ្តាច់ជំនួយពីកម្ពុជា និងដើរ និយាយបង្ខូចកិត្តយសប្រទជាតិខ្លួនឯងជានិច្ចពីព្រោះ បុគ្គលរូប នេះមិនដែលគិតពីផលប្រយោជន៍ជាតិ និងប្រជាជនឡើយ។
ដូច្នេះ សម រង្ស៊ី គឺជាអ្នកនយោបាយដែលក្បត់ទាំងជាតិ ទាំងសាសនា និងទាំងព្រះមហាក្សត្រ ដែលជាបាវចនារបស់ជាតិទាំងមូល។ គឺជាអំពើក្បត់ជាតិតត្រកូលដែលមិនអាចអត់ឱនបានឡើយ។ ជាពិសេសអំពើក្បត់ជាតិនិងក្បត់ព្រះមហាក្សត្រធំៗពីរចុងក្រោយគឺពាក់ព័ន្ធនឹងការកាត់ទឹកដីខេត្ត៤ឲ្យទៅជនជាតិដើមភាគតិចដេហ្កាវៀតណាមរស់នៅដែលជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញទាំងស្រុងពីព្រោះរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាបញ្ជាក់ច្បាស់ថា ទឹកដីកម្ពុជាមិនអាចអនុញ្ញាតឲ្យជនបរទេសប្រើប្រាស់បានជាដាច់ខាត។ រីឯការចេញមុខ ប្រឆាំងព្រះមហាក្សត្រនៅពេលនេះជាអំពើក្បត់ព្រះមហាក្សត្រដោយចំហនិងមិនអាចអត់ឱនបានឡើយ។
មានធាតុផ្សំគ្រប់គ្រាន់ដែលបញ្ជាក់ពីទង្វើក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្រ របស់ សម រង្ស៊ី ដែលបង្ហាញពីគ្រោះថ្នាក់ដ៍ធំធេងណាស់ដល់ជាតិ និងប្រជាជនខ្មែរទាំងមូល។ ក្នុងន័យនេះ ជនក្បត់ជាតិតត្រកូលដូច សម រង្ស៊ី នេះត្រូវតែទទួលទោសតាមច្បាប់កម្ពុជាជាដាច់ខាត និងត្រូវទទួលការថ្កោលទោសចពីមហាជនខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត៕
0 comments