Thursday, June 14, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ACMECS លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំ CLMV លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ

នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-លាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៨។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ កិច្ចប្រជុំកំពូល ACMECS លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍មេគង្គដែលមានសមាហរណកម្ម និងការតភ្ជាប់» នឹងត្រូវដឹកនាំដោយលោក Prayut Chan-o-cha នាយករដ្ឋមន្រ្តីថៃ ដែលជាប្រធានកិច្ចប្រជុំ។ ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ACMECS នឹងពិភាក្សាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន បង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ឯកសារសំខាន់ចំនួនបីដែលនឹងត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន៖ (១) បញ្ជីគម្រោងអាទិភាព (២) ផែនការមេ ACMECS ២០១៩-២០២៣ (៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក។ ជាមួយគ្នានោះ កម្ពុជា នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ដែលនឹងមានការចូលរួមពីសំណាក់ លោក Thongloun Sisoulith នាយករដ្ឋមន្រ្តីឡាវ លោក U Win Myint ប្រធានាធិបតី មីយ៉ាន់ម៉ា និង លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម ហើយក៏មានការចូលរួមពីលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន ផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...