Credited: រស្មីកម្ពុជា
ក្រចេះ: កាកបាតក្រហមកម្ពុជាដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា រួមនិងលោក ប៉ែន លីណាត អភិបាលខេត្តស្ដីទី បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៣៧៦គ្រួសារ ដែលបានរងគ្រោះដោយសារពុលទឹក និងស្រាសរកាលពីពេលថ្មីៗនេះ នៅក្នុងភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត និងភូមិទ្រាប ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៨នេះ។
លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានដល់ប្រជាពលរដ្ឋរងគ្រោះ ដែលមកទទួលអំណោយ សូមគិតគូរពីសុខភាពជាចម្បង ដោយត្រូវពិសារទឹកស្អាត និងត្រូវដាំទឹកឱ្យបានឆ្អិនល្អ មុននឹងពិសា ព្រមទាំងត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត។
លោកមានប្រសាសន៍បន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួនកុំឱ្យ ឆ្លងមេរោគអេដស៍ និងត្រូវធ្វើតេស្ដឈាមរកមេរោគអេដស៍។ ជាពិសេសត្រូវចៀសវាងឲ្យឆ្ងាយការប្រើប្រាស់ គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗដែលនាំឱ្យមានអំពើហិង្សាកើតឡើង ព្រមទាំងត្រូវគោរពច្បាប់ ចរាចរណ៍ ដើម្បីបង្កាពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។ ជាងនេះទៅទៀត សូមមានស្មារតី ប្រុងប្រយ័ត្នជានិច្ចនូវខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងទឹកជំនន់ ព្រោះរដូវនេះ ជារដូវវស្សា។
លោក ប៉ែន លីណាត អភិបាលខេត្តស្ដីទី ជំនួសមុខអោយប្រជាពលរដ្ឋដែលមកទទួលផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាតក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមវេជ្ជ. បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា រួមមាន អង្ករ ១២០ គ.ក្រ, សារ៉ុង ១, ភួយ ១, ក្រម៉ា ១, មុង ១, មី ៥កេះតូច, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេះ, ទឹកសុទ្ធ ៥យួរ នឹងថវិកា ២.០០០.០០០ រៀល (ពីរលានរៀល) ចូលបុណ្យសពលោក ប៊ុត ទ្រេត អាយុ ៦០ឆ្នាំ ដែលបានស្លាប់ដោយសារពុលទឹក នៅស្រុកចិត្របុរី ខេត្តក្រចេះ។
ដោយឡែក ប្រជាពលរដ្ឋប្រមាណជិត ៤០គ្រួសារ នៅក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី និងមានអណ្តូទឹកប្រើប្រាស់ចំនួន ៧គ្រឿងនៅក្នុងភូមិ ដើម្បីបញ្ចៀសពីការប្រើប្រាស់ទឹកព្រែកទេរ ដែលអាជ្ញាធរ បានរកឃើញថា ទឹកព្រែកនេះ មានសារធាតុពុល និងផ្ទុះបាតុភាពពុលសម្លាប់អ្នកភូមិ ជាង១០នាក់ឲ្យស្លាប់៕


0 comments