Credited: រស្មីកម្ពុជា
ភ្នំពេញៈ លោកឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះបានប្រាប់រស្មីកម្ពុជា មុននេះបន្តិចនៅថ្ងៃទី៦ខែឧសភាថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋចំនួន៨នាក់បានស្លាប់ និងប្រមាណជិត១០០នាក់មានអាការៈមិនស្រួលដោយសង្ស័យការប្រើប្រាស់ទឹកព្រែកមានសារធាតុពុល នៅចំណុចយ៉ែ ភូមិអាលចនិងចំណុចទេចម្លងក្នុងភូមិស្រែននឃុំកន្ទួតស្រុកចិត្របុរី។កាលពី ល្ងាច ថ្ងៃទី៥ខែឧសភាអ្នកស្លាប់ចំនួន៦នាក់និង៥២នាក់ចូលពេទ្យ។
ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថា “មកដល់ពេលនេះមានប្រជាពលរដ្ឋ៨នាក់ ស្លាប់និងជិត១០០នាក់បញ្ជូនទៅមន្ទីរពេទ្យ។ករណីនេះសង្ស័យការប្រើប្រាស់ទឹកព្រែកដែលថ្នាំបាញ់ស្មៅហូរចូល។ចំណែកប្រជាពលរដ្ឋដែលនៅជិតព្រែកត្រូវបានក្រុមជំនាញកំពុងសាកសួរ”។ក្រុមការងារជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុ នៃការពុលទឹកនេះ។ប៉ុន្តែមិនទាន់រកឃើញនៅឡើយ ទេ។ ប៉ុន្តែព័ត៌មានបឋមសង្ស័យមកពីថ្នាំបាញ់ស្មៅហូរធ្លាក់ចូលទឹកព្រែកហើយក្រុមជំនាញកំពុងតែ ប្រមូលព័ត៌មាន។
លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា ក្រសួងបានចាត់ចែងក្រុមការងារជំនាញចុះទៅធ្វើការស្រាវជ្រាវនៅកន្លែងពុលទឹកនៅខេត្តក្រចេះ ដើម្បីស្វែងរកមូលហេតុនៃការពុលដែលបានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់និងមានអាការៈ មិនស្រួលជាច្រើននាក់។ ក្រុមការងារបានចុះទៅដល់ទីតាំងកើតហេតុ និងកំពុងតែធ្វើការងារនេះ ពីព្រោះវាទាមទារពេលបន្តិចដែរ ដើម្បីធ្វើការងារនេះ។
ប្រជាពលរដ្ឋទាំង៨នាក់ ដែលស្លាប់សង្ស័យការពុលទឹក មានឈ្មោះដូចជាៈ ១.ឈ្មោះ សៅ ណាន ភេទស្រី អាយុ៣៤ឆ្នាំ។ ២.ឈ្មោះ គ្រង អៃ ភេទស្រី អាយុ៧០ឆ្នាំ។ ៣.ឈ្មោះ ផាត់ កានន ភេទស្រី អាយុ៤៧ឆ្នាំ។ ៤.ឈ្មោះ តារ៉ន ភេទប្រុស អាយុ៤៧ឆ្នាំ។ ៥.ឈ្មោះ ម៉ម ហេង ភេទប្រុស អាយុ៥៦ឆ្នាំ និងទី៦.ឈ្មោះ ស្រន ស្រ៊ន ភេទស្រី អាយុ២៦ឆ្នាំ។ ចំណែក២នាក់ទៀតបានស្លាប់កាលពីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨៕

0 comments