Sunday, April 29, 2018

មន្ត្រីនាំពាក្យ CPP៖ ក្តីសង្ឃឹមរបស់ពួកឧទ្ទាមក្រៅច្បាប់ និងអ្នកលំអៀងនយោបាយគ្រាន់តែជាក្តីសង្ឃឹមខ្យល់តែប៉ុណ្ណោះ!​

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចតាមរយៈតេឡេក្រាមនៅថ្ងៃទី២៩មេសានេះ បានលើកយកទឡ្ហីករណ៍មួយចំនួនមកបញ្ជាក់ប្រាប់ទៅក្រុមឧទ្ទាមក្រៅច្បាប់ និងអ្នកលំអៀងនយោបាយថា ក្តីសង្ឃឹមរបស់ពួកគេដែលចង់ឲ្យអតីតបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយចូលរួមការបោះឆ្នោតខែកក្កដា ខាងមុខនេះ គ្រាន់តែជាក្តីសង្ឃឹមខ្យល់ប៉ុណ្ណោះ។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានលើកឡើងថា គ្រាន់តែលឺពាក្យរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ៊្សូអាបេ ថា ជប៉ុនចង់ឃើញការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា អតីតមន្ត្រីនៃអតីតបក្សប្រឆាំង បានមានក្តីសង្ឃឹមយ៉ាងជាក់ច្បាស់ណាស់ថា នឹងមានដំណោះស្រាយនយោបាយនៅកម្ពុជា ដែលអាចឲ្យអតីតបក្សប្រឆាំងមានមុខក្នុងការបោះឆ្នោត។ លោក សុខ ឥសាន បន្តថា មន្ត្រីឧទ្ទាមថែមទាំងលើកតម្លៃខ្លួនឯងថា បើគ្មានមុខខ្លួននៅក្នុងការបោះឆ្នោតទេ នោះការបោះឆ្នោតមិនប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធ៌ម ហើយក៏មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនកម្ពុជាឡើយ។ មួយទៀត មន្ត្រីឧទ្ទាម ថែមទាំងញុះញង់ចង់ឲ្យប្រជាជនកម្ពុជាងើបឡើងបះបោរប្រឆាំងនឹងការបោះឆ្នោតផងដែរ។ ការគិតជាអត្តនោម័តរបស់មន្ត្រីឧទ្ទាម វាគ្រាន់តែជាការគិតដោយស្រមើស្រមៃតែប៉ុណ្ណោះ។ លោក សុខ ឥសាន បានលើកទឡ្ហីករណ៍មួយចំនួនមកបញ្ជាក់ដូចខាងក្រោមនេះ៖ - អតីតបក្សប្រឆាំង ត្រូវបានរំលាយរួចហើយ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉្លេះ។ - សាលដីកាស្ថាពររបស់តុលាការកំពូល គឺជាសាលដីការស្ថាពរបិទផ្លូវតវ៉ា មិនមែនធ្វើការលេងៗទេ។ - អតីតបក្សប្រឆាំង និងមេដឹកនាំអតីតៈបក្សនេះ បានប្រព្រឹត្តល្មើសច្បាប់ដែលមានពិរុទ្ធភាពសម្រាប់តុលាការដាក់បន្ទុកតាមផ្លូវច្បាប់។ - ទោះបីនាំគ្នាមានមតិលំអៀងទៅខាងខ្លួនយ៉ាងណា ក៏គ្មានផ្លូវបានរស់ឡើងវិញដែរ។ - បញ្ហាអតីតបក្សប្រឆាំងគឺជារឿផ្លូវច្បាប់ មិនអាចមានការចរចាដូចបញ្ហានៅឧបទ្វីបកូរ៉េឡើយ។ - ការញុះញង់ចង់ឲ្យប្រជាជនកម្ពុជាងើបបះបោរ និងធ្វើពហិកាមិនទៅបោះឆ្នោត មិនបានផលឡើយ គ្មានប្រជាជនណាធ្វើតាមទាល់តែសោះ។ - ទោះបីវិទ្យុបរទេសនិយាយភាសាខ្មែរ ខិតខំផ្សាយឃោសនាឲ្យអតីតបក្សប្រឆាំងយ៉ាងណា ក៏គ្មានប្រសិទ្ធភាពដែរ។ មន្ត្រីនាំពាក្យរូបនេះ អះអាងថា ដូច្នេះ ការធ្វើសកម្មភាព និងការបញ្ចេញមតិលំអៀងទៅរកបក្សប្រឆាំង មិនមានលទ្ធផលជាក់ស្តែងណាមួយដូចការចង់បានរបស់ខ្លួនជាដាច់ខាត។ ដូច្នេះ ក្តីសង្ឃឹមរបស់ពួកឧទ្ទាមក្រៅច្បាប់ និងអ្នកលំអៀងនយោបាយគ្រាន់តែជាក្តីសង្ឃឹមខ្យល់តែប៉ុណ្ណោះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...