(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន មុននេះបន្តិចបានមានប្រសាសន៍ថា ការឡើងប្រាក់ខែជូនកម្មករ កម្មការិនី ពី១៥៣ដុល្លារ នៅឆ្នាំមុន កើនដល់ ១៧០ដុល្លារនៅឆ្នាំនេះ គឺមិនមែនបានមកពីបក្សប្រឆាំង ឬបានមកពីការតវ៉ារបស់នរណាម្នាក់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការឡើងប្រាក់ខែនេះគឺបានមកពីការខិតខំរបស់យើងទាំងអស់គ្នា។ សម្ដេចតេជោមានប្រសាសន៍ថា «បើក្មួយៗធ្វើការងារមិនល្អ ថៅកែគ្មានប្រាក់ចំណេញ ក៏ប្រាក់ខែមិនឡើងបានដែរ ហើយបើរាជរដ្ឋាភិបាលមិនខិតខំទេ ក្មួយៗបានឡើងអស់ហើយបានត្រឹមតែ ១៦៥ដុល្លារទេ»។
គួរបញ្ជាក់ផងដែរថា ដើម្បីតម្លើងប្រាក់ខែជូនកម្មករបានរហូតដល់ ១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវចំណាយបន្ថែមជាង ៤០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីធ្វើការប៉ះប៉ូវបន្ថែមក្នុងម្នាក់ ៥ដុល្លារ ពីលើប្រាក់ឈ្នួលជូនកម្មករកម្មការិនី។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងផងដែរអំពីការតម្លើងប្រាក់ខែកម្មករកម្មការិនីកម្ពុជា និងប្រទេសដទៃទៀតឃើញថា ក្នុងឆ្នាំនេះប្រទេសដទៃតម្លើងប្រាក់ខែបានត្រឹមតែ ១ដុល្លារក្នុងមួយខែ ខណៈឆ្នាំនេះកម្ពុជាតម្លើងប្រាក់ខែជូនកម្មករកម្មារិនីបានរហូតទៅដល់ ១៧ដុល្លារ ដោយលោកបានបញ្ជាក់ថា «ឆ្នាំទៅប្រាក់ខែកម្មករកម្មការិនីមានត្រឹមតែ ១៥៣ដុល្លារ ស្របពេលដែលនៅបង់ក្លាដេសប្រាក់ខែកម្មករត្រឹមតែ ៦៧ដុល្លារ ស្រីលង្ការ ៦៧ដុល្លារ ឥណ្ឌារ ៦៧ដុល្លារ នៅភូមា ៧៩ដុល្លារ នៅឡាវ ១១០ដុល្លារ និងនៅវៀតណាមមានតំបន់ខ្លះ ១៣០ដុល្លារ នៅឆ្នាំនេះនៅបង់ក្លាដេសឡើងបាន ១ដុល្លារ គឺសរុប៦៨ដុល្លារក្នុងមួយខែ ឯយើង ១៥៣ដុល្លារឆ្នាំទៅ តម្លើង ១៧ដុល្លារ កើនដល់ ១៧០ដុល្លារនៅឆ្នាំនេះ»៕
0 comments