ការសម្ភោធរោងចក្រផលិតស៊ីម៉ងត៍ ដែលមានតម្លៃ ២៦២លានដុល្លារអាមេរិក នៅក្នុងស្រុកទូកមាស ខេត្តកំពត នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រោងចក្រផលិតស៊ីម៉ងត៍ថ្មីនេះ ត្រូវបានវិយោគរួមគ្នារវាងក្រុមហ៊ុនជីបម៉ុងគ្រុប និងក្រុមហ៊ុនថៃ Siam City Cement ដោយបានចាប់ផ្ដើមការសាងសង់តាំងពីខែមីនា ឆ្នាំ២០១៦ មកម្ល៉េះ។
លោក លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិនបានឲ្យដឹងនាពេលកន្លងមកថា រោងចក្រផលិតស៊ីម៉ងត៍នេះ មានសមត្ថភាពផលិតបានប្រមាណជា ៥ពាន់តោន ក្នុងមួយថ្ងៃ។ លោកបន្ថែមថា ក្រុមហ៊ុននឹងធ្វើការផលិតស៊ីម៉ងត៍ពីរប្រភេទ សម្រាប់ចែកចាយនៅក្នុងទីផ្សារកម្ពុជា ដែលកំពុងតែមានតម្រូវការប្រើប្រាស់ច្រើន។
សូមបញ្ជាក់ថា រោងចក្រថ្មីនេះនឹងបំពាក់ដោយឧបករណ៍ទំនើបបច្ចេកវិទ្យាចុងក្រោយរបស់អាមេរិក អឺរ៉ុប និងចិន ដែលស្របតាមបទដ្ឋានគុណភាពអន្តរជាតិ សន្សំសំចៃថាមពល ហើយបញ្ចេញកាកសំណល់សារធាតុកាបូនតិចបំផុត៕
0 comments