ស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិកាចម្រុះនៃកងយោធាពលខេមរភូមិន្ទ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ អញ្ជើញចុះពិនិត្យផ្ទាល់ និងសួរសុខទុក្ខកងទ័ពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តំបន់អូរអាឡៃ និងអូរតាង៉ាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ក្រៅពីការចុះសួរសុខទុក្ខដល់កងទ័ព នៅតំបន់ជួរមុខនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានដឹកនាំរៀបចំការងារមួយចំនួន ដើម្បីត្រៀមទទួល លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារ ដែលនឹងចុះទៅតំបន់នោះនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ស្អែកនេះផងដែរ។
នៅចំពោះមុខកងទ័ពជាច្រើននាក់ ដែលកំពុងការពារព្រំដែននាតំបន់ប្រាសាទព្រះវិហារ នាយឧត្តមសេនីយ៍ គន់ គីម ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះវីរៈយុទ្ធជនផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រាប់អំពីស្ថានភាពនយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយបញ្ជាឱ្យកងទ័ពរក្សាជំហរ គោរពវិន័យឱ្យមាំមួន និងត្រៀមជានិច្ចដើម្បីស្ដាប់បទបញ្ជារបស់មេបញ្ជាការ ៕










0 comments