យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឥណ្ឌូណេស៊ី មានប្រជាជនសរុបជាង ២៦១លាននាក់ មានទំហំសេដ្ឋកិច្ចជាង ១,០១ទ្រីលានដុល្លារអាមេរិក GDP Per Capita ៣៨៥៨ដុល្លារ និងកម្លាំងពលកម្មសកម្មសរុប ១៣០លាននាក់។
រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយឡែក ផ្អែកលើរបាយការណ៍ចេញផ្សាយដោយ Global Firepower កាលពីពាក់កណ្តាលឆ្នាំ២០១៧ ឥណ្ឌូណេស៊ី មិនត្រឹមតែឈរជាប្រទេសមហាអំណាចយោធាលេខ ១ នៅអាស៊ានប៉ុណ្ណោះទេ ប្រទេសនេះ ក៏ឈរនៅលេខរៀងទី១៤ នៃប្រទេសមហាអំណាចយោធាទូទាំងពិភពលោកផងដែរ ដោយមានកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិ ៦៩០០លានដុល្លារ កងយោធាសរុបជាង ៩៧ម៉ឺននាក់ ក្នុងនោះយោធាសកម្មជាង ៤៣ម៉ឺននាក់ យោធាបម្រុង ៥៤ម៉ឺននាក់ និងមនុស្សគ្រប់អាយុចូលបម្រើកងទ័ព ៤,៥លាននាក់។
ក្នុងវិស័យការពារដែនអាកាស ឥណ្ឌូណេស៊ី មានយន្តហោះសរុប ៤៤១គ្រឿង ក្នុងនោះយន្តហោះចម្បាំង (Fighter Aircraft) ៣៩គ្រឿង យន្តហោះវាយប្រហារយន្តហោះចម្បាំង (Attack Aircraft) ៥៨គ្រឿង យន្តហោះដឹកជញ្ជូនកងទ័ព (Transport Aircraft) ១៣០គ្រឿង យន្តហោះសម្រាប់បង្វឹក (Trainee Aircraft) ១១១គ្រឿង ឧត្ថម្ភាគចក្រ (Helicopter Strength) ១៤៧គ្រឿង និងឧត្ថម្ភាចក្រចម្បាំងទំនើបបំផុត (Attack Helicopter) ចំនួន ៥គ្រឿង។
ក្នុងវិស័យការពារដែនទឹក ឥណ្ឌណេស៊ី មាននាវាសរុប ២២១គ្រឿង ក្នុងនោះ នាវាចម្បាំងខ្នាតធំ (Frigates) ៧គ្រឿង នាវាចម្បាំងខ្នាតតូច (Corvettes) ២៤គ្រឿង នាវាមុជទឹក (Submarines) ៤គ្រឿង នាវាប្រដេញ (Patrol Craft) ៧៤គ្រឿង និងនាវាសម្រាប់វាយប្រហារនាវាមុជទឹក (Mine Warfare Vessels) ១២គ្រឿង។
សម្រាប់វិស័យការពារដែនគោក ឥណ្ឌូណេស៊ី មានរថក្រោះ (Tank) ៤១៨គ្រឿង រថពាសដែក (Armored Fighting Vehicles) ១០៨៩គ្រឿង រថពាសដែកបំពាក់កាំភ្លើងស្វ័យប្រវត្តិ (Self-Propelled Artillery) ៣៧គ្រឿង កាំភ្លើងធំចល័ត (Towed Artillery) ៨០គ្រឿង និងរថយន្តសម្រាប់បាញ់គ្រាប់រ៉ុកកែត (Rocket Projector) ចំនួន ៨០គ្រឿង។
គួរបញ្ជាក់ថា របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គិតត្រឹមខែតុលា ឆ្នាំ២០១៧ បង្ហាញថា អាស៊ានមានទំហំពាណិជ្ជកម្មសរុបជាង ២,៧ទ្រីលានដុល្លារអាមេរិក ដើរតួជាទីផ្សារសេដ្ឋកិច្ចធំបំផុតទី៤ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងជប៉ុន ខណៈ GDP សម្រាប់ពលរដ្ឋម្នាក់ជាមធ្យម (GDP Per Capita) ៤២១៩ដុល្លារ៕





0 comments