(ភ្នំពេញ):មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ក្រសួងនឹងបញ្ជូនមន្ត្រីជំនាញផ្នែកសុរិយោដីចុះទៅសិក្សានៅតាមបណ្តាកោះទាំងអស់ នៅកម្ពុជា ដែលមានចំនួនសរុប៧៥កោះ។
លោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូប នីយកម្មនិងសំណង់បានគូសបញ្ជាក់ក្នុងការបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលប្រព្រឹត្តិទៅកាល ពីពេល ថ្មីៗនេះថា ការបញ្ជូនមន្ត្រីជំនាញរបស់ក្រសួងទៅសិក្សាលើកោះទាំង៧៥នេះ អាចចាប់ផ្ដើមនៅខែឧសភា ឆ្នាំ ២០១៨ដោយសិក្សាឲ្យបានច្បាស់ពីសក្ដានុពលនៃកោះនីមួយៗ។
លោកបានបន្តថា “យើងមិនត្រូវមានមោទនភាព ព្រោះបានស្គាល់កោះនៅប្រទេស ដទៃនោះទេ អ្វីដែលសំខាន់គឺត្រូវស្គាល់ឲ្យច្បាស់ពីកោះនៅកម្ពុជាទើបជាការប្រសើរ ជាការការពារបូរណភាពទឹកដី”។
លោកបន្តថា “ការបញ្ជូនមន្ត្រីឲ្យទៅសិក្សា រាល់បណ្ដាកោះទាំង ៧៥នៅកម្ពុជានេះ គឺដើម្បីសិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគនិងជៀសផុតពីការ សាងសង់រំលោភលើផ្ទៃកោះ ដោយអនុញាត្តឲ្យមានការសាងសង់រួច ទើបហាមឃាត់និង រុះរើ តាមក្រោយនោះទេ”។
បណ្តាកោះនានានៅតាមសមុទ្រក្នុងខេត្តទាំងបួន ជាប់តំបន់ឆ្នេរមានកោះតិចតួច ប៉ុណ្ណោះ ដែលបាននិងកំពុងអភិវឌ្ឍដូចជាកោះដែកគោល កោះសង្សារ កោះឬស្សី កោះក្របី កោះស្តេច កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ជាដើមខណៈរដ្ឋាភិបាលបានផ្តល់សិទ្ឋិសម្បទានដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាដើម្បី អភិវឌ្ឍកោះទាំងនោះរួចហើយ៕







0 comments