១. វិធីបណ្តុះកូន
ដំបូងត្រូវយកគ្រាប់ពូជទៅស្រុះទឹកក្ដៅអ៊ុនៗ ហើយចងក្រណាត់ផ្អាប់ទុក ១២ម៉ោង ឲ្យវាចេញពន្លកបន្តិច បន្ទាប់មកយកវាទៅសាបលើថ្នាលបណ្ដុះកូន ។ ចំពោះវិធីមួយទៀត ត្រូវយកគ្រាប់ពូជលាងជាមួយស្លឹក ស្ដៅ ដើម្បីឲ្យវាងាប់មេរោគ បន្ទាប់មកយកវាប្រឡាក់ជាមួយម្សៅកូនក្មេងទើបយកទៅសាបភ្លាម ដើម្បីការពារកុំឲ្យសត្វស៊ីគ្រាប់ពូជ ។
២. ការរៀបចំថ្នាលបណ្ដុះកូន
សម្រាប់ធ្វើថ្នាលបណ្ដុះសាលាដ៍ ក្នុងដី ១ម៉ែត្រការ៉េ ត្រូវលាយជាមួយជីកំប៉ុស្តិ៍ដែលពុកផុយ ២ គីឡូក្រាម ។ បន្ទាប់មកយកចំបើងចិញ្ច្រាំឲ្យល្អិតទៅគ្របលើ គ្រាប់ពូជដែលសាបរួច និងស្រោចទឹក ១ថ្ងៃ ២ដង ។ រយៈពេល ១អាទិត្យក្រោយមក ត្រូវស្រោចជីកំប៉ុស្តិ៍ទឹកបន្ថែម ដើម្បីឲ្យកូនសាលាដ៍ចាក់ឫសជ្រៅ និងការលូតលាស់ដើមរបស់កូនសាលាដ៍ឲ្យបានរឹងមាំ ។
៣. ការរៀបចំរងសម្រាប់ដាំ
ការធ្វើរងដាំ ត្រូវធ្វើនៅកន្លែងជិតប្រភពទឹក ភ្ជួរដីឲ្យបានច្រើនសា និងឲ្យបានជម្រៅ ៣តឹកចុះក្រោម ។ នៅពេលភ្ជួរហើយ ត្រូវហាលដីឲ្យស្ងួតរយៈពេល ១អាទិត្យ រួចបំបែកដីឲ្យម៉ដ្ឋ បន្ទាប់មកយកជីលាមកគោ ពុកផុយដាក់ទ្រាប់បាតរង គឺលាយដី ១ភាគ ហើយ និងជី ២ភាគ លើកក្បាលរង ១ម៉ែត្រ បណ្ដោយតាមប្រវែងដី ។ រងត្រូវលើកកម្ពស់ ១,៥តឹក ទៅ២តឹក នៅក្នុងរដូវប្រាំង ហើយនៅរដូវវស្សាត្រូវលើករងកម្ពស់ ៣ទៅ ៤ តឹក ការពារកុំឲ្យលិចទឹក ។
៤. រយៈពេលដែលត្រូវដកកូនសាលាដ៍យកទៅដាំ
ត្រូវដកកូនសាលាដ៍ដែលដុះបាន ១៨ថ្ងៃទៅ ២០ថ្ងៃ យកទៅដាំ ភ្លាមៗបន្ទាប់ពីដក ហើយត្រូវរើសតែដើម ណាថ្លោសៗ ។ ត្រូវដាំនៅពេលរសៀលត្រជាក់ ទើបកូនសាលាដ៍មិនអន់ ។
៥. ការថែទាំ
ដំណាំសាលាដ៍ ស្រោចទឹក១ថ្ងៃ ២ដង ហើយក្នុង១ អាទិត្យត្រូវស្រោចជីកំប៉ុស្តិ៍ទឹក ២ដង ដើម្បីធ្វើឲ្យស្លឹកសាលាដ៍រឹង និងបង្កើនការលូតលាស់របស់សាលាដ៍ ។
៦. វិធីការពារ
ត្រូវមានសំណាញ់ពណ៌បៃតងបាំងការពារកំដៅថ្ងៃពីលើរងសាលាដ៍ ដើម្បីបន្ថយកំដៅ ពីព្រោះសាលាដ៍ជាដំណាំ ដែលចាញ់ពន្លឹថ្ងៃ ។ ម្យ៉ាងវិញទៀត នៅពេលដែលឃើញមានសត្វល្អិតមិនធ្លាប់ ស្គាល់មកបំផ្លាញដំណាំ មិនត្រូវចំណាយលុយទិញថ្នាំគីមីដែលគេផ្សំមិនត្រូវជំងឺនោះទេ ព្រោះវាអាចគ្មាន ប្រសិទ្ធភាពលើជំងឺ និងសត្វចង្រៃ ។ ប្រសិនបើឃើញមានដូច្នេះត្រូវរាយការណ៍ទៅមន្ត្រីកសិកម្ម ៕







0 comments