ផលនេសាទដែលប្រជានេសាទទូទាំងខេត្តតាកែវ សម្រេចបានក្នុងឆ្នាំ២០១៧ មានចំនួន ៣៤ ៤០០តោន ដោយក្នុងនោះការនេសាទបង្កងមាន ៨២តោន។ នេះជាការអះអាងរបស់លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ។
សម្រាប់ការនេសាទជាលក្ខណៈគ្រួសារ ទទួលផលបាន ១៥ ០០០តោន នេសាទតាមវាលស្រែ ១០ ៤០០តោន និងវារីវប្បកម្មបានជាង ៩០០០តោន។ លោក សៅ កុសល បានឲ្យដឹងទៀតថា ទិន្នផលនេសាទមានការកើនឡើង ជាពិសេសទិន្នផលបង្កងដែលកើនបានជិត ២០% បើធៀបនឹងឆ្នាំ២០១៦ ដែលទទួលបានតែ ៧០% ប៉ុណ្ណោះ។
ការកើនឡើងនៃទិន្នផលបង្កង ក៏ដោយសារតែនាពេលកន្លងទៅមានភ្លៀងធ្លាក់ល្អគ្រប់គ្រាន់ ធ្វើឲ្យទឹកបឹងឡើងខ្ពស់តាំងពីដើមរដូវ បង្កលក្ខណៈងាយស្រួលដល់ប្រជានេសាទដាក់មងឆាយរ៉ា មងបណ្ដែត លបត្រី លបបង្កង សន្ទូច និងសំណាញ់ជាដើម។ បើនិយាយពីតម្លៃវិញ ក៏មានភាពវិជ្ជមានផងដែរ ដោយតម្លៃបង្កងលេខ១ លក់បានជាង ៤០ដុល្លារ ក្នុង១គីឡូក្រាម លេខ២លក់បានជាង ៣០ដុល្លារ និងបង្កងលេខ៣ លក់ក្នុងតម្លៃជាង ២០ដុល្លារ។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តរូបនេះ បានធ្វើការរំពឹងទុកថា បង្កងនៅឆ្នាំ២០១៨ខាងមុខ នឹងមានការកើនឡើងបន្ថែមទៀតជាក់ជាមិនខាន ប្រសិនជាដើមរដូវវស្សា ទឹកឡើងចូលបឹងទាន់រដូវដូចកាលពីឆ្នាំ២០១៧៕
0 comments