និយាយអំពីប្រទេសកម្ពុជាវិញ គ្មាននរណាម្នាក់ដែលនឹកមិនឃើញអំពីប្រាសាទអង្គរវត្តនោះទេ។ ចំណែកឯពួកយើងជាជនជាតិខ្មែរ ក៏ដូចគ្នា នៅពេលដែលនិយាយអំពីមោទនភាពជាតិខ្មែរ គឺយើងនឹកឃើញដល់ប្រាង្គដ៏ធំស្កឹមស្កៃនេះមុនគេ ហើយពេលដែលមានគម្រោងធ្វើដំណើរកំសាន្តអ្វីមួយ ទីកន្លែងដែលគិតដល់មុនគេគឺប្រាកដជាប្រាសាទអង្គរវត្ត។ ពិតណាស់ ប្រាសាទអង្គរវត្តគឺជាសម្បត្តិវប្បធម៌ដ៏ស្កឹមស្កៃ ដែលបុព្វបុរសយើងបានបន្សល់ទុកឱ្យ ហើយតែងតែជាប្រភពនៃមោទនភាពរបស់ជាតិខ្មែរផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏អាចនឹងមានចំណុចខ្លះៗ ដែលអ្នកទាំងអស់គ្នាអាចនឹងមិនបានដឹងលឺអំពីប្រាសាទនេះ។
អាណាចក្រសូមលើកចំណុចពិសេសមួយចំនួនរបស់ប្រាសាទអង្គរវត្ត ដែលធានាថាកូនខ្មែរភាគច្រើនប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលបានដឹង។
១. ប្រភពទេសចរណ៏
មូលហេតុចម្បងមួយនៃកំណើនភ្ញៀវទេសចរណ៏ដ៏សន្ធឹកចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដោយសារតែតំបន់អង្គរ និងប្រាសាទអង្គរវត្តនេះឯង។ របាយការណ៏ទេសចរណ៏ឆ្នាំ ២០១៥ បង្ហាញថាមានភ្ញៀវទេសចរណ៏អន្តរជាតិចូលមកទស្សនាប្រទេសកម្ពុជា មិនតិចជាង ៤.៧ លាននាក់នោះទេ ហើយចំណូលពីទេសចរណ៏មានរហូតដល់ទៅជិត ៣ ពាន់លានដុល្លារឯណោះ។
២. មោទនភាពទង់ជាតិខ្មែរ
ទង់ជាតិខ្មែរ ជាទង់ជាតិមួយ ក្នុងចំណោមទង់ជាតិតែពីរប៉ុណ្ណោះ (មួយទៀតរបស់ប្រទេសអាហ្គានីស្ថាន) ដែលមានរូបអាគារជារូបតំណាងនៃប្រទេសមាននៅលើទង់ជាតិ។ ប្រាសាទអង្គរវត្តត្រូវបានគេយកមកដាក់នៅលើទង់ជាតិខ្មែរ តាំងពីឆ្នាំ ១៨៥០ ឯណោះ។
៣. តំបន់ឧទ្យានជាតិអង្គរ
តំបន់ឧទ្យានអង្គរទាំងមូល ដែលធ្លាប់ជាទីតាំងរាជធានីសម័យអង្គរមានទំហំរហូតដល់ជាង ៤០០ គីឡូម៉ែតការ៉េ។ អ្នកទស្សនាភាគច្រើន គិតថាឧទ្យានអង្គរទាំងមូល គឺសំដៅតែលើប្រាសាទអង្គរវត្ត និងប្រាសាទធំៗមួយចំនួនទៀតប៉ុណ្ណោះដូចជា ប្រាសាទបាយ័ន ប្រាសាទតាព្រហ្មជាដើម។
៤. កំពែងក្រុងអង្គរ
ពីសម័យអង្គរ គេជឿថាមានកំពែងក្រុងដែលហ៊ុំព័ទ្ធទីក្រុងទាំងមូលពីមនុស្សខាងក្រៅតែម្តង ហើយកំពែងនេះត្រូវបានគេជឿថាហ៊ុំព័ទ្ធក្រុងទាំងមូលដែលមានទំហំជាង ៨២ ម៉ឺនម៉ែត្រការ៉េ។ ទោះជាយ៉ាងណា សម្រាប់ពេលបច្ចុប្បន្ន គេឃើញមាននៅសល់តែខ្លោងទ្វារចូលតាមទិសនីមួយៗប៉ុណ្ណោះ។
៥. ការសាងសង់
ប្រាសាទសាសនាដ៏ធំមួយនេះ ត្រូវបានគេកសាងតាំងពីដើមសតវត្សទី១២ គឺនៅចន្លោះឆ្នាំ ១១១៣ រហូតដល់ឆ្នាំ ១១៥០។ ហើយគេជឿថាថ្មដែលត្រូវយកមកសាងសង់ទាំងអស់មានទម្ងន់មិនតិចជាង ៥ លានតោននោះទេ ដែលត្រូវបានយកមកតាមផ្លូវទឹកប្រហែលជា ៤០ គីឡូម៉ែតពីទីតាំងសាងសង់។
៦. អ្នកទស្សនាដំបូងបង្អស់
គេមិនមានការកត់ត្រាអំពីការទស្សនារបស់ជនបរទេសណាមួយនៅប្រាសាទអង្គរវត្តឱ្យបានច្បាស់លាស់ឡើយ។ យ៉ាងណាមិញ គេមាននូវកំណត់ហេតុរបស់អ្នកការទូតចិន លោកជីវ តាក្វាន់ដែលបានចំណាយពេលរស់នៅក្នុងសម័យអង្គរ ហើយបានរៀបរាប់ពីជីវភាពប្រចាំថ្ងៃជាច្រើនរបស់ប្រជាជនខ្មែរនៅសម័យនោះ។ ក្រោយមកទៀត ជនជាតិអ៊ឺរ៉ុបដែលបានមកទស្សនាដំបូងគេអាចជា ព្រះសង្ឃជនជាតិប៉ទុយហ្គាល់ Antonio da Madelna ដែលទស្សនានៅឆ្នាំ ១៥៨៦។
៧. សម្បត្តិបេតិកភ័ណ្ឌពិភពលោក
ឧទ្យានជាតិអង្គរវត្ត ដែលរួមមានទាំងប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទដទៃទៀតនៅក្នុងបរិវេណនោះ ត្រូវបានគេចុះជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក របស់ UNESCO World Heritage Site តាំងពីឆ្នាំ ១៩៩២ ហើយបន្ទាប់ពីនោះ មានការសហការជាបន្តបន្ទាប់រវាងរាជរដ្ឋាភិបាល និងភាគីអន្តរជាតិក្នុងការជួយជួសជុល ថែរក្សាសម្បត្តិមនុស្សជាតិមួយនេះរហូតមក។</p>
៨. តំបន់អង្គរក្នុងរឿងហូលីវូដ
ប្រាសាទតាព្រហ្ម ដែលត្រូវបានគេស្គាល់តាមរយៈដើមឈើដ៏ធំ ដែលបានភ្ជាប់ខ្លួនទៅនឹងតួប្រាសាទនោះ ត្រូវបានគេជ្រើសរើសធ្វើជាទីតាំងសម្រាប់ឈុតនៅក្នុងរឿង Tomb Raider ដែលជារឿងដ៏ល្បីរបស់ហូលីវូដ។ ក្រុមហ៊ុន Paramount ដែលផលិតខ្សែភាពយន្តនេះ ត្រូវចំណាយជាង ១០,០០០ ដុល្លារអាមេរិក សម្រាប់រយៈពេលថតចំនួន៧ថ្ងៃនៅទីនោះ។
0 comments