លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់គណៈមេធាវីថា សូមពិនិត្យមើលការបញ្ចេញមេធាវី ដោយធ្វើយ៉ាងណា ការបញ្ជូនមេធាវីនេះ គឺរក្សាឲ្យបាននូវសមត្ថភាពមេធាវី ពង្រឹង និងលើកកម្ពស់សមត្ថភាពមេធាវីផង និងធ្វើយ៉ាងណាពង្រាយមេធាវី ដើម្បីជួយដល់កូនក្តីនៅតាមបណ្ដាខេត្ត និងជនបទផង ។នេះជាការណែនាំរបស់លោកនៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះនាឱកាសទទួលជួបគណៈមេធាវី ដែលដឹកនាំដោយ លោក សួន វិសាល ប្រធានគណៈមេធាវី ។
នាឱកាសនោះ លោក សួន វិសាល បានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីប្រវត្តិរបស់គណៈមេធាវី នូវសកម្មភាពកាលពីពេលកន្លងមក។លោកបន្តថា គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេសលើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថាគណៈមេធាវី បានធ្វើការកែទម្រង់នៃការងារ ដើម្បីធ្វើយ៉ាងណាឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិបច្ចុប្បន្នផង។ លើសពីនោះទៅទៀត លោកក៏បានគោរពរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី អំពីកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាមួយគណៈមេធាវីអន្តរជាតិក្នុងន័យនេះដែរ លោកបានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំ ហើយនឹងរៀបចំកិច្ចប្រជុំសមាគមមេធាវីអាស៊ាននៅកម្ពុជា នាពេលខាងមុខ។
លោក សួន វិសាល ក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរ អំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ដើម្បីធ្វើយ៉ាងណាជួយទៅដល់ជនក្រីក្រ ហើយធ្វើយ៉ាងណារៀបចំនូវប្រព័ន្ធទិន្នន័យសម្រាប់ការតាមដានករណីនីមួយៗផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍ដែលបានលើកឡើងដោយលោក សួន វិសាល ហើយក៏បានធ្វើការណែនាំថា គប្បីណារាល់ការកែទម្រង់ទាំងឡាយដែលគណៈមេធាវី នឹងធ្វើគឺត្រូវធ្វើឲ្យស្របតាមច្បាប់របស់កម្ពុជាផង និងតាមនិយាមអន្តរជាតិផង។ លោកនាយករដ្ឋមន្ត្រីបន្តថា សូមពិនិត្យមើលចំណុចមួយចំនួនដែលមិនសមស្របទៅតាមកាលៈទេសៈព្រោះថាគណៈមេធាវីបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ រហូតមកដល់ពេលនេះ ក៏មានរយៈពេលយូរអង្វែងដែរហើយ ដែលចំណុចមួយចំនួនមិនសមស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ននេះទេ។ លោកនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដោយសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការសម្រួលនូវការកែទម្រង់នេះ៕


0 comments